ក្រុមប្រឹក្សាសន្តិសុខ​បើកសម័យ​ពិភាក្សាស្តីពី “ការប្រែប្រួលអាកាសធាតុ សន្តិភាព និងសន្តិសុខ”

(VOVWORLD) - នាថ្ងៃទី ១៣ មិថុនា នៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកសម័យពិភាក្សាបើកចំហរក្រោមប្រធានបទ “ការប្រែប្រួលអាកាសធាតុ សន្តិភាព និងសន្តិសុខ” ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុនិងបរិស្ថានអេមីរ៉ាតអារ៉ាប់រួម(UAE) ដែលជាប្រធានប្តូរវែននៃក្រុមប្រឹក្សាសន្តិសុខក្នុងខែមិថុនាឆ្នាំ ២០២៣។
ក្រុមប្រឹក្សាសន្តិសុខ​បើកសម័យ​ពិភាក្សាស្តីពី “ការប្រែប្រួលអាកាសធាតុ សន្តិភាព និងសន្តិសុខ” - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិក្នុងសម័យពិភាក្សានេះ។ រូបថត៖ VNA

ថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ក្រុមប្រឹក្សាសន្តិសុខដោយមានទំនួលខុសត្រូវក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ គួរតែបន្តជំរុញរបៀបវារៈអំពីបម្រែបម្រួលអាកាសធាតុ។ ដំបូងបង្អស់ ក្រុមប្រឹក្សាសន្តិសុខត្រូវប្រកាន់យកនូវវិធីសាស្រ្តរួមមួយ ដើម្បីដោះស្រាយដល់ឫសគល់នៃជម្លោះ ធ្វើឱ្យមានតុល្យភាពរវាងបញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី; ដាក់ការងារវិភាគហានិភ័យនៃការប្រែប្រួលអាកាសធាតុទៅក្នុងមុខងារ ភារកិច្ចរបស់បេសកកម្មរក្សាសន្តិភាពនិងបេសកកម្មនយោបាយពិសេស។

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានរំលឹកឡើងវិញនូវអនុសាសន៍ដែលវៀតណាមបានលើកឡើងនៅក្រុមប្រឹក្សាសន្តិសុខស្តីពីការបង្កើតប្រព័ន្ធទិន្នន័យទូលំទូលាយ អំពីផលប៉ះពាល់ពហុវិស័យនៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃនីវ៉ូទឹកសមុទ្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលឆ្លើយតបជាសកល។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើការសន្យាយ៉ាងមុតមាំរបស់វៀតណាមដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP-26) ហើយអះអាងថា នឹងបន្តគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងសម័យពិភាក្សានិងគំនិតផ្តួចផ្តើមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងកិច្ចប្រជុំកំពូលមហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ និង COP-28 នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលនឹងប្រព្រឹត្តិទៅក្នុងឆ្នាំ២០២៣នេះផងដែរ៕      

ប្រតិកម្មទៅវិញ

ផ្សេងៗ