ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអនុម័តលើសេចក្ដីសម្រេចចិត្តរបស់រុស្ស៊ីស្តីពីបំពង់បង្ហូរឧស្ម័នទេ

(VOVWORLD) - ឯកសារនេះមិនទទួលបានចំនួនសម្លេងគាំទ្រចាំបាច់ទេ ដោយសារតែទស្សនៈរបស់ប្រទេសលោកខាងលិចនានា។ 
កាលពីថ្ងៃទី ២៧ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានអនុម័តលើសេចក្ដីសម្រេចចិត្តរបស់រុស្ស៊ីស្តីពីការបង្កើតគណៈកម្មការអន្តរជាតិដើម្បី ស៊ើបអង្កេតការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ទេ។ ឯកសារនេះមិនទទួលបានចំនួនសម្លេងគាំទ្រចាំបាច់ទេ ដោយសារតែទស្សនៈរបស់ប្រទេសលោកខាងលិចនានា។ រុស្សី ចិន និងប្រេស៊ីលបានបោះឆ្នោតគាំទ្រ ខណៈដែលប្រទេសនៅសេស សល់បោះឆ្នោតអនុប្បវាទ។ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហ ប្រជាជាតិ លោក Vasily Nebenzya បានចាត់ទុកថា បន្ទាប់ពីការបោះឆ្នោតកន្លងមក រាល់ការសង្ស័យអំពីជនដៃដល់ពិតប្រាកដនៅពីក្រោយការវាយប្រហារភេរវកម្មនៅលើបំពង់បង្ហូរឧស្ម័នកំពុងកើនឡើង។
មុននេះ ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ី លោក Dmitry Birichevsky បានឲ្យដឹងថា ទីក្រុងម៉ូស្គូអាចលើកឡើងពីបញ្ហាសង សំណងសម្រាប់ការខូចខាតដែលបណ្តាលមកពីការវាយប្រហារភេរវកម្មទៅលើបំពង់ បង្ហូរឧស្ម័ន Nord Stream។ តាមលោកថា ជោគវាសនាអនាគតនៃបំពង់បង្ហូរឧស្ម័ន ទាំងនេះ នៅតែមិនច្បាស់លាស់ទេ ខណៈដែលសកម្មភាពរបស់បណ្តាប្រទេសលោក ខាងលិចដែលបំផ្លាញការស៊ើបអង្កេតលើករណីផ្ទុះនេះ បានបង្ហាញពីការខ្វះការ យកចិត្តទុកដាក់ដល់ទំនាក់ទំនងធម្មតាជាមួយរុស្ស៊ីក្នុងវិស័យថាមពល។
ករណីផ្ទុះនៅបំពង់បង្ហូរឧស្ម័ន Nord Stream ១ និង Nord Stream ២  បានកើត ឡើងនៅចុងខែកញ្ញាឆ្នាំមុន។វិមានក្រឹមឡាំងបានហៅរឿងហេតុនេះជាអំពើភេរវកម្ម អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ