ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅជិតមូលដ្ឋានយោធានៅអ៊ីរ៉ាក់

(VOVWORLD) - មូលដ្ឋានយោធា Ayn al-Asad តែងតែជាគោលដៅវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះដ្រូនប្រដាប់អាវុធ។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្សាយព័ត៌មានថា នៅថ្ងៃទី ៣០ ឧសភា បានប្រព្រឹត្តិទៅកាវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅខាងក្រៅមូលដ្ឋានយោធាមួយ ដែលជាកន្លែងធ្វើការរបស់ក្រុមអ្នកជំនាញ និងទីភ្នាក់ងារយោធាអាមេរិកនៅខេត្ត Anbar ភាគខាងលិចប្រទេសនេះ។ នាយទាហានម្នាក់នៅបញ្ជាការដ្ឋានប្រតិបត្តិការ Anbar បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតចំនួនបីគ្រាប់បានធ្លាក់នៅជិតមូលដ្ឋានយោធា Ayn al-Asad ជាប់ព្រំប្រទល់ទីរួមស្រុក al-Baghdadi ដែលមានចម្ងាយប្រមាណ ១៩០ គីឡូម៉ែត្រពី រដ្ឋធានីបាកដាដនៅភាគពាយព្យ ប៉ុន្តែមិនបណ្ដាលឲ្យមានករណីស្លាប់ និងរងរបួសឡើយ។

ប្រភពព័ត៌មាននេះបានបង្ហើបថែមទៀតថា  បន្ទាប់ពីការវាយប្រហារ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានរកឃើញគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ នៅក្នុងតំបន់មួយនៅខាងក្រៅទីរួមស្រុក Haditha ដែលមានចម្ងាយប្រមាណ ២១០ គីឡូម៉ែត្រ ពីរដ្ឋធានីបាកដាដនៅភាគពាយព្យ។

សូមបញ្ជាក់ដែរថា មូលដ្ឋានយោធា Ayn al-Asad តែងតែជាគោលដៅវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះដ្រូនប្រដាប់អាវុធ។ ការវាយប្រហារស្រដៀងគ្នានេះបានកើតឡើងនាថ្ងៃទី ៣០ មេសា ដោយមានគ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់បានធ្លាក់នៅជិតមូលដ្ឋាននេះដែរ ប៉ុន្តែមិនបណ្តាលឱ្យមានការបាត់បង់អំពីអាយុជីវិត និងទ្រព្យសម្បត្តិឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ