គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅពន្យារពេល ២ ខែទៀត

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានពន្យារពេល ២ ខែទៀត សំដៅជួយឧបត្ថម្ភដល់ប្រទេសកំពុងជួបការលំបាក។
គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅពន្យារពេល ២ ខែទៀត - ảnh 1ប្រធានាធិបតីទួរគីលោក Tayyip Erdogan

នាថ្ងៃទី ១៧ ឧសភា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានប្រកាសថាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនឹងត្រូវបានពន្យារពេល ២ ខែទៀត។ ថ្លែងទៅកាន់មន្ត្រីនៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK) កាន់អំណាចនៅទួរគី លោក Erdogan បានលើកច្បាស់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងអង់ការ៉ា ការគាំទ្ររបស់រុស្ស៊ី និងការរួមវិភាគទានរបស់អ៊ុយក្រែន ភាគីពាក់ព័ន្ធនានាបានសម្រេចពន្យារពេលកិច្ចព្រមព្រៀងនេះរយៈពេល ២ ខែទៀត។ ប្រធានាធិបតីទួរគីក៏បានថ្លែងអំណរគុណដល់មេដឹកនាំរុស្ស៊ី អ៊ុយក្រែន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយពន្យារពេលកិច្ចព្រមព្រៀងនេះ។

នាថ្ងៃទី ១៧ ឧសភាដដែល អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានពន្យារពេល ២ ខែទៀត សំដៅជួយឧបត្ថម្ភដល់ប្រទេសកំពុងជួបការលំបាក។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានអះអាងថា ការវាយតម្លៃរួមរបស់រុស្ស៊ីអំពីស្ថានការណ៍ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះនៅតែមិនផ្លាស់ប្ដូរឡើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាថ្ងៃទី ១៧ ឧសភា បានអបអរសាទរចំពោះការពន្យារពេលកិច្ចព្រមព្រៀងសមុទ្រខ្មៅ ព្រមទាំងក្រើនរំលឹកថា រុស្ស៊ី អ៊ុយក្រែន ទួរគី និងអង្គការសហប្រជាជាតិចាំបាច់ត្រូវបន្តពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ