គ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី៖ តួកគីប្រកាស​ស្ថាន​ភាព​​អាសន្ន​នៅ​ខេត្តចំនួន ១០

(VOVWORLD) - ប្រធានាធិបតីទួរគី Recep Tayyip Erdogan នាថ្ងៃទី ៧ ខែកុម្ភៈ បានប្រកាសស្ថានភាពអាសន្នរយៈពេល ៣ ខែក្នុងខេត្តចំនួន១០ នៅភាគអាគ្នេយ៍ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រ កាលពីថ្ងៃទី ៦ ខែកុម្ភៈ។
គ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី៖ តួកគីប្រកាស​ស្ថាន​ភាព​​អាសន្ន​នៅ​ខេត្តចំនួន ១០ - ảnh 1គេហដ្ឋានរងការបំផ្លិចបំផ្លាញនៅក្នុងការរញ្ជួយដី នៅទីក្រុង Kahramanmaras ប្រទេសតួគី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ THX/TTXVN)

មេដឹកនាំទួរគីបានបញ្ជាក់ថា ការសម្រេចចិត្តប្រកាសស្ថានភាពអាសន្នគឺសំដៅបង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការងារជួយសង្គ្រោះ និងដោះស្រាយផលវិបាកនៃគ្រោះរញ្ជួយដី។ អាស្រ័យហេតុនេះ វិធានការជួយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់នឹងត្រូវបានអនុវត្តដើម្បីនាំកម្លាំងស្វែងរកនិងជួយសង្គ្រោះមនុស្សធម៌ ក៏ដូចជាជំនួយផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាជនដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋានឲ្យបានទាន់ពេលវេលា។

យោងតាមរបាយការណ៍ថ្មីបំផុត គិតត្រឹមដំណាច់ថ្ងៃទី៧ ខែកុម្ភៈ ចំនួនជនរងគ្រោះសរុបដែលបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសទួរគី និងស៊ីរី បានកើនឡើងរហូតដល់ជាង ៧.៨០០នាក់។ អាជ្ញាធរមូលដ្ឋានព្រួយបារម្ភថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស។ អង្គការសុខភាពពិភពលោក (WHO) បានព្យាករណ៍ថា ចំនួនជនរងគ្រោះសរុបដែលបានស្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសទួរគី និងស៊ីរី អាចកើនឡើងរហូតដល់ ២០,០០០នាក់។

បច្ចុប្បន្ននេះ ការងារជួយសង្គ្រោះកំពុងដំណើរការជាបន្ទាន់ ប៉ុន្តែប្រឈមនឹងការលំបាកជាច្រើន ដោយសារតែអាកាសធាតុត្រជាក់ និងភ្លៀងធ្លាក់ខ្លាំង។ រដ្ឋាភិបាលទួរគីបានឲ្យដឹងថា បានដាក់ពង្រាយបុគ្គលិកជួយសង្គ្រោះជាង ៥០.០០០ នាក់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ហើយបានត្រៀមថវិកាចំនួន ១០០ ពាន់លាន libra (៥,៣ ពាន់លានដុល្លារ) សម្រាប់ដោះស្រាយផលវិបាកក្រោយការរញ្ជួយដី។ សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀតបានប្រញាប់ប្រញាល់បញ្ជូនអង្គភាពជួយសង្គ្រោះទៅកាន់ប្រទេសទួរគី បន្ទាប់ពីទទួលបានសំណើរសុំជំនួយពីទីក្រុងអង់ការ៉ា។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៤ ព្រឹក ថ្ងៃទី ៨ ខែកុម្ភៈ (ម៉ោង UTC) ចំនួនជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរីបានកើនឡើងដល់ជាង ៩.៨០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ