គ្រោះ​រញ្ជួយដីនៅម៉ារ៉ុក៖ ចំនួនអ្នកស្លាប់បានកើនឡើង​រហូត​ដល់ជាង ២.០០០ នាក់

(VOVWORLD) - យោងតាមទិន្នន័យថ្មីបំផុតដែលបានចេញផ្សាយដោយក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុក បានឲ្យដឹងថា មនុស្សជាង ២.០០០នាក់បានស្លាប់ និងជាង ២.០០០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការរញ្ជួយដីជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅយប់ថ្ងៃទី ៨ ខែកញ្ញា ដោយចំណុចកណ្តាលនៅជិតទីក្រុង Marrakesh។
គ្រោះ​រញ្ជួយដីនៅម៉ារ៉ុក៖ ចំនួនអ្នកស្លាប់បានកើនឡើង​រហូត​ដល់ជាង ២.០០០ នាក់ - ảnh 1កងកម្លាំងជួយសង្គ្រោះបានដាក់ពង្រាយប្រតិបត្តិការស្វែងរកជនរងគ្រោះដោយការរញ្ជួយដីនៅក្នុងក្រុង Amizmiz ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ Reuters

ព្រះមហាក្សត្រ Mohamed VI របស់ប្រទេសម៉ារ៉ុក បានសម្រេចចិត្តកាន់ទុក្ខជាតិចំនួនបីថ្ងៃនៅទូទាំងប្រទេស ដើម្បីរំលឹកដល់ជនរងគ្រោះនៃគ្រោះរញ្ជួយដី។

សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃម៉ារ៉ុក បានឲ្យដឹងថា ការស្លាប់ភាគច្រើនត្រូវបានកត់ត្រានៅក្នុងតំបន់ Al Haouz ហើយក្នុងចំណោមអ្នករងរបួស មានករណីធ្ងន់ធ្ងររាប់រយករណី។ លើសពីនេះ មនុស្សជាច្រើនត្រូវបានកំណត់ថានៅតែកប់ក្នុងគំនរបែកបាក់ដែលបណ្តាលមកពីគ្រោះរញ្ជួយដី។ ការងារជួយសង្គ្រោះ ដោយមានទាហាននិងក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ ត្រូវបានធ្វើឡើងពេញមួយយប់ ដើម្បីស្វែងរកអ្នករស់រានមានជីវិត។

នៅក្នុងសារាចរពិសេសមួយកាលពីយប់ថ្ងៃទី ៩ ខែកញ្ញា ព្រះមហាក្សត្រ Mohammed VI ក៏បានស្នើឲ្យបង្កើតគណៈកម្មាធិការពិសេសសម្រាប់ការកសាងឡើងវិញក្រោយគ្រោះរញ្ជួយដីជាមួយនឹងភារកិច្ចដំបូងគឺការសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជនដែលបានបាត់បង់ផ្ទះសម្បែងនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

គិតត្រឹមយប់ថ្ងៃទី ៩ កញ្ញា ប្រទេសនិងអង្គការអន្តរជាតិរាប់សិបបានផ្ញើសាររួមរំលែកទុក្ខ និងបង្ហាញសាមគ្គីភាពជាមួយប្រជាជនម៉ារ៉ុក។ ប្រទេសជាច្រើននៅក្នុងតំបន់បានប្រកាសពីការត្រៀមខ្លួនបញ្ជូនកងកម្លាំងជួយសង្គ្រោះប្រកបដោយវិជ្ជាជីវៈនិងជំនួយមនុស្សធម៌ ដើម្បីជួយដោះស្រាយផលវិបាកនៃការរញ្ជួយដីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ