ចិនត្រៀម​ខ្លួន​ជា​ស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ​វៀតណាម

(VOVWORLD) - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក លី ឈាំង បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ទីភ្នាក់ងារសារព័ត៌មាននិងកាសែតផ្លូវការរបស់ប្រទេសចិន ដូចជាទីភ្នាក់ងារព័ត៌មានស៊ីនហួ កាសែតប្រជាជនប្រចាំថ្ងៃ បានរាយការណ៍ជាបន្តបន្ទាប់អំពីព្រឹត្តិការណ៍នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai បន្ទាប់ពីមកដល់ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក លី ឈាំង បានអះអាងថា ចិនជានិច្ចកាលចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាង; ត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយវៀតណាមខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ពង្រឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពរវាងប្រជាជនទាំងពីរ ហើយជំរុញកិច្ចសហប្រតិបត្តិការកសាងសហគមន៍ចែករំលែកអនាគតរវាងចិននិងវៀតណាមឲ្យកាន់តែជាក់ស្ដែង នាំមកនូវផលប្រយោជន៍ពិតប្រាកដជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃតំបន់និងលើពិភពលោក។

ចិនត្រៀម​ខ្លួន​ជា​ស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ​វៀតណាម - ảnh 1ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បានចុះផ្សាយព័ត៌មានអំពីជំនួបរវាងនាយករដ្ឋមន្ត្រីចិនលោក លីឈាំង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម។ រូបថត៖ TTXVN

ទន្ទឹមនឹងនោះ យោងតាមកាសែតប្រជាជនប្រចាំថ្ងៃ បានឲ្យដឹងថា ថ្លែងនៅក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីអនុវត្តន៍ការយល់ដឹងរួមដ៏សំខាន់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរសម្រេចបាន ទន្ទឹមនឹងនោះរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី បង្កើនការជួបប្រាស្រ័យកម្រិតខ្ពស់ ពង្រឹងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ព្រមទាំងជំរុញខ្លាំងការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ លោកនាយករដ្ឋមន្ត្រី លី ឈាំង បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្រាវជ្រាវយ៉ាងសកម្មអំពីការកសាងជាសាកល្បងនូវតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលទើបលេចចេញ ដូចជាបច្ចេកវិទ្យាព័ត៌មាន ថាមពលថ្មី សេដ្ឋកិច្ចឌីជីថល ធនធានរ៉ែសំខាន់ៗ ក៏ដូចជាការពង្រឹងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ