ចិននិងម៉ាឡេស៊ី ជំរុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ១ ខែមេសា នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានជួបពិភាក្សាជាមួយសមភាគីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។

ចិននិងម៉ាឡេស៊ី ជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងសមភាគីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim  (ប្រភព៖ Xinhua)

នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រីចិនបានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែទាញយកផលប្រយោជន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឡើងដល់កម្ពស់ថ្មីមួយ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន។ លោក Li Qiang បានអះអាងថា រដ្ឋាភិបាលចិនត្រៀមជាស្រេចសហការជាមួយម៉ាឡេស៊ី និងប្រទេសដទៃទៀតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីពន្លឿនដំណើរការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ លោកក៏បានសង្កត់ធ្ងន់ថា ចិនត្រៀមជាស្រេចសម្របសម្រួលជាមួយម៉ាឡេស៊ី ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) កំណែ ៣.០  និងរួមគ្នាអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP) ខណៈពេលដែលបន្តជំរុញការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ីបូព៌ា។

ចំណែកលោកនាយករដ្ឋមន្ត្រី Anwar បាននិយាយថា រដ្ឋាភិបាលថ្មីនៅប្រទេស ម៉ាឡេស៊ីផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតរថយន្ត ថាមពល វប្បធម៌ ទេសចរណ៍ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល។

បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងគយ។ ក្នុងនោះ ជាមួយនឹងការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា (MoU) ចំនួន ១៩ ប្រទេសម៉ាឡេស៊ីបានសម្រេចការប្តេជ្ញាចិត្តក្នុងការវិនិយោគ ១៧០ ពាន់លានរីងហ្គីត (RM) ពីប្រទេសចិន។ នេះជាការវិនិយោគដ៏ធំបំផុតមិនធ្លាប់មានដែលម៉ាឡេស៊ីទទួលបានពីប្រទេសចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ