ចិនមាន​បំណង​ចង់សហការជាមួយរុស្ស៊ី ដើម្បីកសាងផែនការសម្រាប់ទំនាក់ទំនងទ្វេភាគី និង​កិច្ចសហប្រតិបត្តិការជាក់​ស្តែង

(VOVWORLD) - នាថ្ងៃទី ២១ ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping បានចាប់ផ្តើមកិច្ចសន្ទនាជាផ្លូវការនៅវិមានក្រឹមឡាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនទៅកាន់ទីក្រុងម៉ូស្គូ។
ចិនមាន​បំណង​ចង់សហការជាមួយរុស្ស៊ី ដើម្បីកសាងផែនការសម្រាប់ទំនាក់ទំនងទ្វេភាគី និង​កិច្ចសហប្រតិបត្តិការជាក់​ស្តែង - ảnh 1ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ថ្ងៃទី២១ ខែមីនា។ (រូបថត៖ AFP/TTXVN)

នៅក្នុងកិច្ចសន្ទនានេះ ប្រធានរដ្ឋចិន លោក Xi Jinping បានសម្តែងនូវបំណងចង់សម្របសម្រួលជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីបង្កើតផែនការសម្រាប់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅជំរុញការអភិវឌ្ឍដែលនាំមកនូវកម្លាំងរស់ថ្មីសម្រាប់ប្រទេសទាំងពីរ។ លោក Xi Jinping បានចាត់ទុកថា កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងនាំមកនូវលទ្ធផលល្អក្នុងពេលឆាប់ៗនេះ ហើយភាគីទាំងពីរនៅតែជំរុញកិច្ចសហប្រតិបត្តិការឡើងដល់កម្ពស់ខ្ពស់ថ្មីមួយ។ រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Putin ក៏បានជឿជាក់ថា កិច្ចសហប្រតិបត្តិការពហុភាគីរវាងរុស្ស៊ីនិងចិននឹងបន្តអភិវឌ្ឍន៍ទៅមុខ។ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីគម្រោងប្រព័ន្ធបំពង់បង្ហូរឧស្ម័ន ថាមពលស៊ីបេរីទី២ ដើម្បីដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់ប្រទេសចិន ដោយឆ្លងកាត់ម៉ុងហ្គោលី ជាមួយនឹងសមត្ថភាពដឹកជញ្ជូន ៥០ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។

បន្ទាប់ពីកិច្ចសន្ទនានៅវិមានក្រឹមឡាំងនោះ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-ចិនក្នុងយុគសម័យថ្មី។ ទាក់ទិននឹងបញ្ហាអ៊ុយក្រែន ភាគីទាំងពីរបានអះអាងថា ត្រូវគោរពតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាគោរពតាមច្បាប់អន្តរជាតិផងដែរ។ ភាគីទាំងពីរបានប្រឆាំងជំទាស់នឹងរាល់អាកប្បកិរិយារបស់ប្រទេស ឬក្រុមប្រទេសណាមួយដែលកំពុងស្វែងរកឧត្តមភាពផ្នែកយោធា នយោបាយ និងវិស័យផ្សេងៗទៀត ដែលបង្កអន្តរាយដល់អត្ថប្រយោជន៍សន្តិសុខស្របច្បាប់របស់ប្រទេសដទៃ។ រុស្ស៊ីក៏បានបញ្ជាក់ជាថ្មីពីការសន្យា តភ្ជាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យោងតាមសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពបង្កើនភាពតានតឹងនិងអូសបន្លាយជម្លោះ ដើម្បីការពារកុំឱ្យវិបត្តិកាន់តែអាក្រក់ទៅៗ។ ប្រទេសទាំងពីរប្រឆាំងជំទាស់នឹងរាល់បទដាក់ទណ្ឌកម្មឯកតោភាគី ដែលមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

មុននោះ នាថ្ងៃដដែល លោក Xi Jinping បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។ នៅក្នុងជំនួបនេះ លោក Xi Jinping បានចាត់ទូកថា ចាំបាច់ត្រូវតភ្ជាប់ទំនាក់ទំនងជាទៀងទាត់ រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរឡើងវិញ។ ចំណែកឯលោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ