ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល៖ ប៉ាឡេស្ទីន​បាន​រិះគន់​ការ​ធ្វើ​ឃាត​មេដឹកនាំ​ហាម៉ាស់សំដៅ​អូសបន្លាយ​ជម្លោះ​នៅ​ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ៥ ខែសីហា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានចាត់ទុកថា ការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh គឺជា "ការវិវឌ្ឍដ៏គ្រោះថ្នាក់" សំដៅអូសបន្លាយជម្លោះនៅតំបន់ ហ្គាហ្សា។ 

ចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី លោកប្រធានាធិបតី Abbas បានបញ្ជាក់ថា ការធ្វើឃាតលោក Haniyeh បានប៉ះពាល់អវិជ្ជមានដល់ការចរចាដើម្បីបញ្ឈប់យុទ្ធនាការយោធា និងដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។ មេដឹកនាំប៉ាឡេស្ទីនក៏បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពតាមច្បាប់អន្តរជាតិ អនុវត្តន៍គំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ក៏ដូចជាជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់និងជាស្ថាពរ ហើយដកកងទ័ពរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា។

ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល៖ ប៉ាឡេស្ទីន​បាន​រិះគន់​ការ​ធ្វើ​ឃាត​មេដឹកនាំ​ហាម៉ាស់សំដៅ​អូសបន្លាយ​ជម្លោះ​នៅ​ហ្គាហ្សា - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ។ រូបថត៖ ANI/TTXVN

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani និងសមភាគីបារ៉ែន លោក Abdullatif bin Rashid Al Zayani ក៏បានជួបសន្ទនាតាមទូរស័ព្ទដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការធ្វើឃាតមេដឹកនាំនយោបាយហាម៉ាស លោក Haniyeh ។ នៅទីនេះ រដ្ឋមន្ត្រីការបរទេសបារ៉ែនបានអះអាងសារជាថ្មីអំពីភាពចាំបាច់ ដើម្បីសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា គាំទ្រនិងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ទៅដល់ដៃប្រជាជនក្នុងតំបន់នេះ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត នាថ្ងៃទី ៥ ខែសីហា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ(OCHA) បានឲ្យដឹងថា អគារចំនួន ៦៣% នៅក្នុងតំបន់នេះរងការខូចខាត។ OCHA ជាថ្មីម្តងទៀតបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ គោរពកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការធានាសុវត្ថិភាពរបស់ជនស៊ីវិល ក៏ដូចជាទីតាំងនិងរចនាសម្ព័ន្ធស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ