ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​បច្ចេកវិទ្យា​រវាង​សហគ្រាស​នៅ​រដ្ឋ Karnataka (ឥណ្ឌា) និង​វៀតណាម

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យអភិបាលរដ្ឋ លោក Thawar Chand Gehlot និងថ្នាក់ដឹកនាំរដ្ឋ ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងអង្គភាពអាជីវកម្មរដ្ឋ Karnataka ជាមួយសហគ្រាសវៀតណាមភាគខាងត្បូងផងដែរ។
ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​បច្ចេកវិទ្យា​រវាង​សហគ្រាស​នៅ​រដ្ឋ Karnataka (ឥណ្ឌា) និង​វៀតណាម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងលោក Thawar Chand Gehlot អភិបាលរដ្ឋ Karnataka ជាមួយគណៈប្រតិភូ (រូបថត៖ quochoi.vn)

នាថ្ងៃទី ១៨ ខែធ្នូ បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរដ្ឋ Karnataka។ នៅទីនេះ ប្រធានរដ្ឋសភាបានជួបធ្វើការជាមួយអភិបាលរដ្ឋ លោក Thawar Chand Gehlot និងថ្នាក់ដឹកនាំរដ្ឋ Karnataka។

ក្នុងជំនួបនេះ អភិបាលរដ្ឋ លោក Thawar Chand Gehlot បានអះអាងថា វៀតណាម និងឥណ្ឌាមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង ហើយត្រូវបានពូនជ្រុំដោយឥតឈប់ឈរក្នុងរយៈពេលកន្លងទៅ។ នាពេលថ្មីៗនេះ ប្រទេសទាំងពីរបានគាំទ្រគ្នា ទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ លោក អភិបាលរដ្ឋ Thawar Chand Gehlot ជឿជាក់ថា ទំនាក់ទំនងឥណ្ឌា-វៀតណាមនាពេលខាងមុខនឹងកាន់តែស៊ីជម្រៅថែមទៀត។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមានប្រសាសន៍ថា នេះគឺជាលើកទី ២ ហើយ ដែលលោកបានមកបំពេញទស្សនកិច្ចនៅរដ្ឋ Karnataka។  លោកបានចែករំលែកថា លោកមានការចាប់អារម្មណ៍ និងសប្បាយរីករាយយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រដ្ឋ ជាពិសេសគឺទីក្រុង Bengaluru ដែលកំពុងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រូវបានគេប្រៀបប្រដូចទៅនឹង "ជ្រលងភ្នំស៊ីលីកុន" របស់ប្រទេសឥណ្ឌា។ រដ្ឋ Karnataka និងទីក្រុង Bengaluru បានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ជាមួយនឹងវិស័យសំខាន់ៗជាច្រើន បច្ចេកវិទ្យាខ្ពស់ សហគ្រាសធំៗជាច្រើន ដោយរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចឥណ្ឌា។

ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យអភិបាលរដ្ឋ លោក Thawar Chand Gehlot និងថ្នាក់ដឹកនាំរដ្ឋ ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងអង្គភាពអាជីវកម្មរដ្ឋ Karnataka ជាមួយសហគ្រាសវៀតណាមភាគខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ