ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរីឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព

(VOVWORLD) - នារសៀលថ្ងៃទី១៦ វិច្ឆិកា នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភា លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានអញ្ជើញទទួលជួបលោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី Teo Chee Hean ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរីឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព - ảnh 1អនុប្រធានរដ្ឋសភា លោក Tran Quang Phuong ទទួលជួបលោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី Teo Chee Hean ។ រូបថត៖ daibieunhandan.vn

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានឲ្យដឹងថា ក្រៅពីការជំរុញវិស័យសហប្រតិបត្តិការប្រពៃណី ប្រទេសទាំងពីរត្រូវបន្តពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ ថាមពលស្អាត ការផ្លាស់ប្តូរថាមពលសមធម៌ ការផ្លាស់ប្តូរឌីជីថល  ការផ្លាស់ប្តូរទេពកោសល្យ និងនវានុវត្តន៍...។ ចំពោះកិច្ចសហប្រតិបត្តិការសភា រដ្ឋសភានៃប្រទេសទាំងពីរត្រូវបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យច្បាប់ បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក; ពង្រឹងការសម្របសម្រួលជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគីក្នុងតំបន់ និងពិភពលោក។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Teo Chee Hean បានឲ្យដឹងថា វិនិយោគិនសិង្ហបុរីមានបំណងចង់សហការជាមួយដៃគូនៅវៀតណាមក្នុងការអភិវឌ្ឍថាមពលបៃតង ថាមពលស្អាត និងថាមពលកកើតឡើងវិញ ដោយហេតុនេះ ពង្រីកសក្តានុពលរបស់ប្រទេសនីមួយៗក្នុងវិស័យនេះ។ លោករដ្ឋមន្ត្រី Teo Chee Hean បានបញ្ជាក់ថា លោកនឹងបន្តគាំទ្រ និងលើកកំពស់តួនាទីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ