ជំហានផ្លាស់ប្តូរថ្មីនិងការអនុវត្តបច្ចេកវិទ្យាក្នុងសកម្មភាពរដ្ឋសភា

(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំតាមអ៊ិនធឺរណែតរយៈពេល ៨ ថ្ងៃមក រដ្ឋសភាបានបញ្ចប់ជុំទី១ នៃរបៀបវារៈសម័យប្រជុំលើកទី ៩ (រដ្ឋសភានីតិកាលទី ១៤)។ នៅខាងក្រៅនៃសម័យប្រជុំ សមាជិក សមាជិកាសភាបានអះអាងថា៖ ការដំណើរការកិច្ចប្រជុំតាមអ៊ិនធឺរណែត គឺជាជំហានផ្លាស់ប្តូរថ្មីនិងជាបុព្វបទសម្រាប់ការកែលំអរបៀបរៀបចំបណ្តាកិច្ចប្រជុំនាពេលខាងមុខ។ 
ជំហានផ្លាស់ប្តូរថ្មីនិងការអនុវត្តបច្ចេកវិទ្យាក្នុងសកម្មភាពរដ្ឋសភា - ảnh 1 រូបថតៈ quochoi.vn

សមាជិកសភា លោក Nguyen Mai Bo នៃគណៈប្រតិភូ An Giang បានវាយតម្លៃថាៈ “ទាក់ទងការដំណើរការកិច្ចប្រជុំតាមអ៊ិនធឺណែតវិញ ពិតណាស់ថាយើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់នូវអត្ថប្រយោជន៍ ដ៏ធំ នោះគឺយើងអនុវត្តបច្ចេកវិទ្យាយ៉ាងល្អ។ រឿងទី ២ គឺច្បាស់លាស់អំពីចំណាយ ពោលគឺចំណាយនៃការធ្វើដំណើររបស់ប្រតិភូ ការចំណាយលើ ការស្នាក់នៅរបស់ប្រតិភូ និងចំណាយសម្រាប់ការធ្វើដំណើររបស់ប្រតិភូពីសណ្ឋាគារទៅវិមានរដ្ឋសភា ពីវិមានរដ្ឋសភាទៅកន្លែងស្នាក់នៅវិញជាដើម។  ខ្ញុំគិតថា ធ្វើបានដូច្នេះ នឹងរួមចំណែកកាត់បន្ថយចំណាយផង ហើយក៏ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់សភាក្នុងការសន្សំថវិកាដើម្បីប្រើប្រាស់សម្រាប់គោលបំណងចាំបាច់ជាង”។

អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានអះអាងថា៖ ដំណើរការកិច្ចប្រជុំតាមប្រព័ន្ធអ៊ិនធឺណែត គឺជាជំហានប្រកបដោយភាពច្នៃប្រឌិតនិងជាបុព្វបទដើម្បីកែលំអរបៀបរៀបចំបណ្តាកិច្ចប្រជុំនាពេលខាងមុខ៖

“ទោះបីជាកិច្ចប្រជុំបានដំណើការតាមអ៊ិនធឺណែតក៏ដោយ ប៉ុន្តែនៅតែធានានូវរាល់ទម្រង់ដូចជាបានអនុវត្តន៍នៅវិមានរដ្ឋសភាអញ្ជឹង។ ការបោះឆ្នោតនោះនៅតែធម្មតា។ កន្លែងប្រជុំទាំង ៦៣ សុទ្ធតែបានបោះឆ្នោតដោយឧបករណ៍ឆ្លាត ហើយបានផ្ទេរទៅសាលប្រជុំ Dien Hong តាមរយៈអេក្រង់ក្នុងរយៈពេលតែ ១ នាទី។ សមាជិក សមាជិកាដែលបានចុះឈ្មោះផ្តល់មតិ គឺនៅតែដំណើរការធម្មតា។ ហេតុដូច្នេះ អាចបញ្ជាក់បានថា នេះជាទម្រង់ថ្មីហើយក៏ជាបុព្វបទសម្រាប់ស្រាវជ្រាវដើម្បីកែលំអរនូវរបៀបដំណើរការកិច្ចប្រជុំ និងអាចកាត់បន្ថយរបៀបវារៈនៃកិច្ចប្រជុំ”។

សូមគូសបញ្ជាក់ថា សម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ បានបើកសម័យប្រជុំតាមរយៈប្រព័ន្ធ អ៊ិនធឺណែតលើកដំបូងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ នេះជាគំរូសមស្របដើម្បីពង្រីកសកម្មភាពរបស់រដ្ឋសភា ដោយឈរលើមូលដ្ឋានអនុវត្តបច្ចេកវិទ្យាទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ