តាលីបង់បានបញ្ជាក់ពីការចូលរួម​នៅ​ក្នុង​​សន្និសីទ​​អង្គការសហប្រជាជាតិស្តីពី​អាហ្វហ្គានីស្ថាន

(VOVWORLD) - អ្នកនាំពាក្យរដ្ឋអំណាចតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid នាថ្ងៃទី ១៦ ខែមិថុនា បានប្រកាសថា កងកម្លាំងនេះនឹងចូលរួមនៅក្នុងសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ (UN) ស្តីពីអាហ្វហ្គានីស្ថាន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា នៅប្រទេសកាតា រដ្ឋធានីដូហា។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន អ្នកនាំពាក្យរដ្ឋអំណាចតាលីបង់បានពន្យល់ពីការសម្រេចចិត្តបញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទ គឺដោយសារតែរបៀបវារៈនៅក្នុងសន្និសីទនេះ "មានអត្ថប្រយោជន៍សម្រាប់អាហ្វហ្គានីស្ថាន" រួមទាំងប្រធានបទសំខាន់ៗដូចជា៖ ការផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន និងបង្កើតឱកាសសម្រាប់វិនិយោគិននៅអាហ្វហ្គានីស្ថាន។

តាលីបង់បានបញ្ជាក់ពីការចូលរួម​នៅ​ក្នុង​​សន្និសីទ​​អង្គការសហប្រជាជាតិស្តីពី​អាហ្វហ្គានីស្ថាន - ảnh 1អ្នកនាំពាក្យរដ្ឋអំណាចតាលីបង់ លោក Zabihullah Mujahid ថ្លែងក្នុងសន្និសីទកាសែតក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។ រូបថត៖ AFP/TTXVN

មុននោះ តាលីបង់បានអវត្តមាននៅក្នុងសន្និសិទចំនួនពីរលើកមុន ដែលបានប្រព្រឹត្តិទៅក្នុងខែឧសភាឆ្នាំ២០២៣ និងខែកុម្ភៈឆ្នាំនេះ។ សន្និសីទទាំងនេះ ត្រូវបានផ្តួចផ្តើមគំនិតដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីខែឧសភាឆ្នាំមុន សំដៅ "ពង្រឹងការចូលរួមរបស់សហគមន៍អន្តរជាតិជាមួយអាហ្វហ្គានីស្ថាន ឲ្យកាន់តែស៊ីសង្វាក់គ្នានិងមានការរៀបចំជាង"។

មកទល់ពេលនេះ រដ្ឋអំណាចតាលីបង់មិនទាន់ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ។ ប្រទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារផ្តល់ជំនួយជាច្រើនបានកាត់បន្ថយការផ្តល់ជំនួយសម្រាប់អាហ្វហ្គានីស្ថាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងជួបការលំបាកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ