ថៃបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិចាប់ពីខែវិច្ឆិកា
(VOVWORLD) - លោក Prayut បានឲ្យដឹងថា ចាប់ពីខែធ្នូ ថៃនឹងអនុញ្ញាតឱ្យភោជនីយដ្ឋាននិងអាជីវកម្មដទៃទៀតលក់គ្រឿងស្រវឹង ដើម្បីជំរុញវិស័យទេសចរណ៍និងកម្សាន្ត ក្នុងកំឡុងពេលទទួលស្វាគមន៍ឆ្នាំថ្មី។
ភ្ញៀវទេសចរទៅទស្សនាព្រះបរមរាជវាំងថៃ។ (រូបថត៖ AFP) |
នាយប់ថ្ងៃទី១១ ខែតុលា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ជាតិដោយបានប្រកាសផែនការបើកដំណើរការទេសចរណ៍បរទេសឡើងវិញចាប់ពីខែវិច្ឆិកា។ លោក Prayut បានឲ្យដឹងថា ចាប់ពីខែធ្នូ ថៃនឹងអនុញ្ញាតឱ្យភោជនីយដ្ឋាននិងអាជីវកម្មដទៃទៀតលក់គ្រឿងស្រវឹង ដើម្បីជំរុញវិស័យទេសចរណ៍និងកម្សាន្ត ក្នុងកំឡុងពេលទទួលស្វាគមន៍ឆ្នាំថ្មី។ ភ្ញៀវទេសចរណ៍មកពីប្រទេសដែលមានហានិភ័យទាបចំនួន១០ ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ និងមានលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះកូវីដ១៩ នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃតាមផ្លូវអាកាស ដោយមិនចំបាច់ធ្វើចត្តាឡីស័កឡើយ។ អង់គ្លេស សិង្ហបុរី អាល្លឺម៉ង់ ចិននិងអាមេរិក ជាប្រទេសដំបូងគេដែលបានទទួលគោលនយោបាយនេះ។ រដ្ឋាភិបាលថៃមានសង្ឃឹមថា ការសម្រេចចិត្តបើកទ្វារឡើងវិញនៅខែវិច្ឆិកាខាងមុខនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកកាន់ប្រទេសថៃក្នុងរយៈពេល ៣ ខែចុងឆ្នាំ២០២១នេះ ដើម្បីជួយស្តារឡើងវិញវិស័យទេសចរណ៍ ដែលជាវិស័យពាក់ព័ន្ធនឹងពលករថៃរាប់លាននាក់៕