ទំព័រថ្មីក្នុងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងម៉ាសេដូន

(VOVWORLD) - នាថ្ងៃទី៣០ មេសា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Uong Chu Luu បានទៅបំពេញទស្សនកិច្ចការងារនៅម៉ាសេដូន។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅកាន់ម៉ាសេដូន។

   ថ្លែងមតិក្នុងជំនួបចរចាជាមួយអនុប្រធានរដ្ឋសភាម៉ាសេដូនលោក Goran Misovski និងលោកស្រី Frosina Tashevska-Remenski នោះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានឲ្យដឹងថា ទំនាក់ទំនងនយោបាយការទូតរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងសកម្មក្នុងប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីមិនទាន់សក្តិសមនឹងសក្ដានុភាពនៃប្រទេសទាំងពីរនៅឡើយ។ លោក Uong Chu Luu បានស្នើឲ្យប្រទេសទាំងពីរបង្កលក្ខណៈងាយស្រួល ដើម្បីសហគ្រាសនៃភាគីទាំងពីរបង្កើនការជួបប្រាស្រ័យ ស្វែងរកឱកាសសហប្រតិបតិ្តការ។ ក្រៅពីនោះ ប្រទេសទាំងពីរគួរតែបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលឲ្យបានឆាប់ៗដើម្បីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។

        លោក Uong Chu Luu បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមានគោលបំណងចង់បង្កើនទំនាក់ទំនងមិត្តភាពជាមួយរដ្ឋសភាម៉ាសេដូន ដើម្បីនាំទំនាក់ទំនងនេះក្លាយទៅជាកាណាល់សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ សមាជិកសភានៃប្រទេសទាំងពីរគួរតែរក្សាការជួបប្រាស្រ័យ សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាក្នុងតំបន់និងលើពិភពលោក ដែលរដ្ឋសភាទាំងពីរជាសមាជិកដូចជាវេទិកា IPU ឬវេទិកា ASEP។

        រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាម៉ាសេដូនលោក Misovski បានអះអាងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងជាគ្រឹះស្ថានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក។

        នាថ្ងៃទី១ ឧសភា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីម៉ាសេដូន ហើយចាប់ផ្ដើមទៅបំពេញទស្សនកិច្ចការងារនៅប្រទេសរ៉ូម៉ានីចាប់ពីថ្ងៃទី២ដល់ទី៥ ឧសភា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ