ធនាគារបរទេសវាយតម្លៃជាវិជ្ជមានចំពោះយថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២
(VOVWORLD) - នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុបរទេសមួយចំនួនបានធ្វើការព្យាករណ៍ជាវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ ជាមួយ អត្រាកំណើន ពី ៦,៥ ទៅ ៦,៧ %។
ការកែច្នៃត្រីសម្រាប់នាំចេញនៅក្រុមហ៊ុនភាគហ៊ុន Go Dang ( រូបថត៖ Minh Tri/VNA) |
ធនាគារ Standard Chartered បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ៦,៧ % ក្នុងឆ្នាំ ២០២២ និង ៧% ក្នុងឆ្នាំ ២០២៣។ សេដ្ឋកិច្ចវិទូអំពីប្រទេសថៃ និងវៀតណាម លោក Tim Leelahaphan នៅធនាគារ Standard Chartered បានវាយតម្លៃថាខឿនសេដ្ឋកិច្ចវៀតណាមនឹងបន្តត្រូវបានស្ដារឡើងវិញក្នុងឆ្នាំ ២០២២ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរុញថយ។
ក្នុងរបាយការណ៍ស្តីពីប្រទេសវៀតណាមនាពេលថ្មីៗនេះ ធនាគារ HSBC ក៏បានវាយតម្លៃថា ក្រោយរយៈពេល ២ ឆ្នាំ ដែលទទួលបានល្បឿនកំណើនយ៉ាងយឺតនោះ សេដ្ឋកិច្ចវៀតណាមនឹងបង្កើនល្បឿន ដោយសម្រេចបានអត្រាកំណើន ៦,៥ % ក្នុងឆ្នាំ ២០២២។ HSBC បានកត់សម្គាល់ថា ឧបសគ្គដ៏ធំបំផុតនាបច្ចុប្បន្នរបស់វៀតណាមគឺរលកផ្ទុះជំងឺរាតត្បាតកូវីដ ១៩ កំពុងប្រព្រឹត្តិទៅ ប៉ុន្តែដោយទទួលបានអត្រាចាក់វ៉ាក់សាំងគួរឲ្យកត់សម្គាល់ដើម្បីជៀសវាងការអនុវត្តវិធានការរក្សាគម្លាតសង្គម គឺជាកត្តាគួរឲ្យលើកទឹកចិត្តរបស់វៀតណាមផងដែរ៕