ធនាគារពិភពលោក (WB) វាយតម្លៃជាវិជ្ជមានទៅលើស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២១

(VOVWORLD) - យោងតាមរបាយការណ៍ដែលទើបតែចេញផ្សាយដោយធនាគារពិភពលោក (WB) ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមកាលពីខែមីនាកន្លងមកនេះ បានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេស វៀតណាមនៅតែមានការវិវឌ្ឍន៍វិជ្ជមាន ដោយសារវិធានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែនៅតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចាក់វ៉ាក់សាំង ក៏ដូចជាត្រូវមានគោលនយោបាយជួយគាំទ្រ និងធ្វើអន្តរាគមន៍ទាន់ពេលវេលាសំរាប់វិស័យឯកជនផងដែរ។
ធនាគារពិភពលោក (WB)  វាយតម្លៃជាវិជ្ជមានទៅលើស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២១ - ảnh 1ការផលិតនៅក្រុមហ៊ុន NMS វៀតណាម (មានដើមទុនវិនិយោគរបស់ជប៉ុន) (រូបថត៖ VNA)

ទន្ទឹមនឹងនេះធនាគារពិភពលោកក៏បានវាយតម្លៃថា វិធានការណ៍ឆ្លើយតបទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាម បានជួយគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័សនៅចុងខែមករាឆ្នាំ ២០២១។ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៨% បើប្រៀបធៀបនឹងយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ហើយការលក់រាយទំនិញនិងសេវាកម្មសរុបបានកើនឡើង ០,៣% បើប្រៀបធៀបនឹងខែមុន និង ៨,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរឲ្យកត់សម្គាល់ថា ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាមបានប្រមូលថវិកាជាតិចំនួន ២៨៦.៧០០ ពាន់លានដុង ដែលខ្ពស់ជាង ០,៦% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ      ទៅមិញ។ នេះជាលើកដំបូងដែលការប្រមូលថវិកាសរុបរបស់រដ្ឋ បានកើនឡើងចាប់តាំងពីវិបត្តិជំងឺកូវីដ- ១៩ ផ្ទុះឡើងកាលពីមួយឆ្នាំមុន។ លទ្ធផលវិជ្ជមាននេះបានឆ្លុះបញ្ចាំងពីការស្តារសេដ្ឋកិច្ចឡើងវិញដែលកំពុងបន្តប្រព្រឹត្តទៅ។

នាពេលខាងមុខនេះ ធនាគារពិភពលោកជឿជាក់ថាវៀតណាមគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីព្រោះសកម្មភាពនេះនឹងជះឥទ្ធិពលដល់អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ ប្រទេសវៀតណាមទំនងជាត្រូវការធ្វើអន្តរាគមន៍គោលនយោបាយរូបិយវត្ថុនិងសារពើពន្ធបន្ថែមទៀត ដើម្បីជួយស្តារឡើងវិញនូវតម្រូវការរបស់វិស័យឯកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ