នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់ទីក្រុងសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ប្រធានា ធិបតី លោក Moon Jae-in។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅដល់ទីក្រុងសេអ៊ូល |
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ចប់សកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន - កូរ៉េខាងត្បូង និងកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងដែលបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងប៊ូសាន។
ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើឡើងនៅអាកាសយានដ្ឋានយោធាសេអ៊ូល ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កូរ៉េរបស់កូរ៉េខាត្បូងជាច្រើនរូប។ ក្រៅពីនោះនៅមានវត្តមាន ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ក៏ដូចជាមន្រ្តីស្ថានទូតវៀតណាមនិងតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងផងដែរ។
យោងតាមរបៀបវារៈនៃដំណើរទស្សនកិច្ចនេះ នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងធ្វើជាសាក្សីសម្រាប់ថ្នាក់ដឹកនាំក្រសួងនិងសាខានៃប្រទេសទាំងពីរចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ ក្រៅពីនោះ លោកក៏បានអញ្ជើញជួបសវនាការ ជាមួយនាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភាកូរ៉េខាងត្បូង រួមទាំងថ្នាក់ដឹកនាំទីក្រុងសេអ៊ូលផងដែរ។ នាឱកាសនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - កូរ៉េខាងត្បូង និងទទួលជួបជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនិងធុរកិច្ចធំៗមួយចំនួន របស់កូរ៉េខាងត្បូង៕