នាយករដ្ឋមន្រ្តីស្ដីទីហៃទី លោក Claude Joseph អំពាវនាវដល់ប្រជាជនស្ងប់ចិត្ត បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីហៃទី
(VOVWORLD) - នាបច្ចុប្បន្នុស្ថានភាពសន្តិសុខរបស់ប្រទេសជាតិកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ប៉ូលីស និងយោធា ព្រមទាំងអំពាវនាវដល់ប្រជាជនហៃទី " ស្ងប់ចិត្ត"។
នាយករដ្ឋមន្ត្រីស្ដីទីហៃទី លោក Claude Joseph (រូបថត៖ TTXVN) |
ក្នុងការវិវឌ្ឍន៍ថ្មីៗបំផុតពាក់ព័ន្ធនឹងការណី ដែលប្រធានាធិបតីហៃទីលោក Jovenel Moise ត្រូវធ្វើឃាតនៅគេហដ្ឋានរបស់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដានោះ ក្រោយរយៈពេលមិនដល់ ២៤ ម៉ោង អនុរដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ហៃទីលោក Frantz Exantus បានប្រកាសថា កងកម្លាំងសន្តិសុខរបស់ប្រទេសបានចាប់ខ្លួន“មនុស្សជាច្រើននាក់ដែលជាប់សង្ស័យបានធ្វើឃាត”ហើយបានប្រកាសថា នឹងប្រកាសព័ត៌មានលម្អិតអំពីករណីនេះយ៉ាងឆាប់ៗ។
ក្នុងពេលនេះ នាយករដ្ឋមន្ត្រីស្ដីទីហៃទី លោក Claude Joseph បានប្រកាសប្រើរបបអាជ្ញាសឹកនៅទូទាំងប្រទេស ហើយប្រកាសការសម្រេចចិត្តរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពប្រទេសជាតិ។ លោកក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបើកការស៊ើបអង្កេតលើឃាតករហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្ដីពីស្ថានភាពនៅហៃទីឱ្យបានឆាប់បំផុត។
លោកនាយករដ្ឋមន្រ្តីស្ដីទីហៃទី បានឲ្យដឹងថា នាបច្ចុប្បន្នុស្ថានភាពសន្តិសុខរបស់ប្រទេសជាតិកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ប៉ូលីស និងយោធា ព្រមទាំងអំពាវនាវដល់ប្រជាជនហៃទី " ស្ងប់ចិត្ត" ផងដែរ៕