ប៉ាគីស្ថានរៀបចំការបោះឆ្នោតសកល ក្នុង​បរិបទនៃ​អស្ថេរភាពជាច្រើន​

(VOVWORLD) - ប្រទេសប៉ាគីស្ថាន នាថ្ងៃទី ៨ ខែកុម្ភៈ បានរៀបចំការបោះឆ្នោតសកលនៅទូទាំងប្រទេស ក្នុងបរិបទដែលប្រទេសនេះកំពុងជួបប្រទះនឹងអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច ឧបទ្ទវហេតុនៃអំពើហិង្សានិងអំពើភេរវកម្មកើនឡើង។

នេះគឺជាការបោះឆ្នោតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប៉ាគីស្ថាន នៅពេលដែលម្ចាស់ឆ្នោតជាង ១២៨លាននាក់នៅក្នុងប្រទេសនេះបានប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន ។ បេក្ខជនជាង ១៧.៨០០នាក់ កំពុងឈរឈ្មោះសម្រាប់មុខតំណែងក្នុងរដ្ឋសភា និងក្រុមប្រឹក្សាខេត្ត ដែលជាចំនួនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។ ការបោះឆ្នោតបានប្រព្រឹត្តទៅនៅការិយាល័យបោះឆ្នោតជាង ៩០ ០០០ កន្លែង នៅទូទាំងប្រទេស ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ រសៀល ។ ដើម្បីធានាថាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន បុគ្គលិកសន្តិសុខប្រហែល ៥០០ ពាន់នាក់មកពីកងទ័ពប៉ាគីស្ថាន កម្លាំងប៉ារ៉ាយោធា និងប៉ូលីសត្រូវបានដាក់ពង្រាយ ។

ការបោះឆ្នោតឆ្នាំនេះគឺជាការរត់ប្រណាំងរវាងសម្ព័ន្ធគណបក្សអ៊ីស្លាម Nawaz - PML-N របស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif ជាមួយគណបក្សប្រជាជនប៉ាគីស្ថាន (PPP) របស់អតីតរដ្ឋមន្ត្រីការបរទេស Bilawal Bhutto-Zardari និងបេក្ខជនមកពីគណបក្ស ចលនាយុត្តិធម៌ប៉ាគីស្ថាន (PTI) របស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ។ ក្នុងចំណោមនោះ លោក Nawaz Sharif ត្រូវបានចាត់ទុកថា មានឱកាសច្រើនបំផុតក្នុងការឈ្នះតំណែងនាយករដ្ឋមន្ត្រី ដោយសារតែការគាំទ្រពីកងទ័ព ជាកងកម្លាំងដែលមានអំណាចច្រើននៅក្នុងប្រទេសប៉ាគីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ