បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា

(VOVWORLD) - ភាគីទាំងពីរបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា - ảnh 1បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា

នារសៀលថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុងហាណូយ គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការជាមួយវិទ្យុសម្លេងវៀតណាម ក្នុងឱកាសដែល គណៈប្រតិភូបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Da Nang វៀតណាម។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នេត្រ ភក្ត្រា មកកាន់វិទ្យុសំឡេងវៀតណាម ក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ លោក Do Tien Sy អគ្គនាយកនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា វិទ្យុសម្លេងវៀតណាមបានសហការជាមួយទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅគ្រប់ទ្វីប និងស្ថានីយ៍ផ្សាយសម្លេងជាតិផ្សេងៗគ្នាជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជាគឺជាទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពបំផុត។ អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy បានសង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ ភាគីយើងទាំងពីរនឹងបន្តមានការផ្លាស់ប្តូរព័ត៌មានអំពីនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌...ឲ្យកាន់តែល្អប្រសើរថែនទៀត។ យើងខ្ញុំត្រៀមខ្លួន ជាស្រេចក្នុងការផ្លាស់ប្តូរ អ្នកជំនាញបច្ចេកទេសជាមួយកម្ពុជា។ យើងជឿជាក់ថា ទំនាក់ទំនងរវាងយើងនឹងបន្តអភិវឌ្ឍន៍ និងបន្តរួមចំណែកក្នុងការអះអាងពីទំនាក់ទំនងជិតស្និទ្ធ ដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា”។

ចំណែកឯលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានសម្តែងនូវកិត្តិយសដែលបានអញ្ជើញមកទស្សនាវិទ្យុសម្លេងវៀតណាម ក្នុងឱកាសខួបលើកទី៧៨ នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥-៧ កញ្ញា ២០២៣)។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៖ “កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសម្លេងវៀតណាមនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានលទ្ធផលល្អប្រសើរ។ យើងខ្ញុំសង្ឃឹមថា វិទ្យុសម្លេងវៀតណាម នឹងបន្តជួយឧបត្ថម្ភ និងលើកកំពស់សមត្ថភាពដល់កម្មាភិបាលសារព័ត៌មានកម្ពុជា។ យើងខ្ញុំទៅទស្សនាស្ថានីយ៍ទូរទស្សន៍ឌីជីថល VTC និងទស្សនាគំរូទូរទស្សន៍ដែលយើងចាំបាច់ត្រូវសិក្សារៀនសូត្រ។ យើងខ្ញុំសង្ឃឹមថា VTC នឹងជួយបុគ្គលិករបស់យើងខ្ញុំសិក្សាពីបទពិសោធន៍ និងបង្កើនជំនាញបច្ចេកទេស។ សូមថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានជួយដល់កម្ពុជានូវឧបករណ៍បច្ចេកទេសវិទ្យុ និងទូរទស្សន៍ រួមមាន រថយន្តចល័តទូរទស្សន៍១គ្រឿង និងរថយន្តចល័តវិទ្យុ១គ្រឿង”។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ