បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាស៊ាន - សហភាពអឺរ៉ុប និងអាស៊ាន - ឥណ្ឌា

(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និងសន្និសីទពាក់ព័ន្ធនានា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - សហភាពអឺរ៉ុប។
បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាស៊ាន - សហភាពអឺរ៉ុប និងអាស៊ាន - ឥណ្ឌា - ảnh 1អង្គប្រជុំមកពីប្រទេសនានាអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន - ឥណ្ឌា (រូបថត៖ TTXVN)

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន - សហភាពអឺរ៉ុប (EU) រដ្ឋមន្ត្រីនានាបានអះអាងនូវការប្តេជ្ញាយ៉ាង មុតមាំថានឹងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិង EU នាពេលខាងមុខ ព្រមទាំងបន្តជំរុញទំនាក់ទំនង“ ភាពជាដៃគូក្នុងការធ្វើសមាហរណកម្ម” (Partners in Integration)។ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា និងមានឧត្តមភាពក្នុងនោះមានវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ចរាចរណ៍ ការប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែតនិងសុខាភិបាលជាដើម។ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងយ៉ាងស្មុគស្មាញ ភាគីទាំងពីរបានឯកភាពគ្នាធ្វើការយ៉ាងជិតស្និតដើម្បីគាំទ្រដល់ការកសាងសមត្ថភាពនិងការឆ្លើយតបចំពោះការរីករាលដាលនៃជំងឺកូវដ១៩ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ឥណ្ឌា រដ្ឋមន្ត្រីនានាបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការសមុទ្រ ការប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ច្នៃប្រឌិត ការការពារនិងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ជាដើម។

ទាក់ទងនឹងការឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ ប្រទេសឥណ្ឌាបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនដល់អាស៊ាន ក្នុងការជំនះពុះពារនូវផលវិបាកនៃជំងឺរាតត្បាតនិងជម្រុញការស្តារឡើងវិញប្រកបដោយចីរភាពផងដែរ។ ក្រោពីនេះឥណ្ឌាសន្យាសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ានក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងនិងថ្នាំសំរាប់ព្យាបាលជំងឺកូវីដ១៩ ផងដែរ។

ឯសន្និសីទរវាងអាស៊ាននិង EU និងឥណ្ឌា បណ្តាប្រទេសនានាចំណាយពេលវេលាផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាពិភពលោកនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជាពិសេសទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត បណ្តាប្រទេសនៅតែបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ហាមប្រាមការធ្វើយោធូបនីយកម្ម និងគួរតែអត់ធ្មត់ដោយគ្មានសកម្មភាពបង្កស្ថានការណ៍កាន់តែស្មុគស្មាញឬបង្កើនភាពតានតឹង ព្រមទាំងដោះស្រាយជំលោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS-1982) និងគាំទ្រដល់ការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញការបញ្ចប់ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗដែលស្របតាមច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ