បណ្តាប្រទេស អឺរ៉ុបកណ្តាលចែករំលែកទស្សនៈរួមអំពីការគ្រប់គ្រងព្រំដែន

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆែកបាននិយាយថា បណ្តាប្រទេសនៅតំបន់បាល់កង់ខាងលិច ក្នុងនោះស៊ែប៊ី បានត្រៀមខ្លួនជាស្រេចកែសម្រួលគោលនយោបាយទិដ្ឋាការ ក៏ដូចជាត្រៀមខ្លួនជាស្រេចដើម្បីការពារព្រំដែននៅខាងក្រៅតំបន់ Schengen។
បណ្តាប្រទេស អឺរ៉ុបកណ្តាលចែករំលែកទស្សនៈរួមអំពីការគ្រប់គ្រងព្រំដែន - ảnh 1ប៉ូលិសស្លូវ៉ាគីពិនិត្យនៅច្រកព្រំដែន Bratislava-Berg រវាងអូទ្រីស និងស្លូវ៉ាគី។ រូបថត៖ AFP/VNA

បណ្តាប្រទេសនៅអឺរ៉ុបកណ្តាល រួមទាំងសាធារណៈរដ្ឋឆែក ស្លូវ៉ាគី អូទ្រីស និងហុងគ្រី ទើបតែបានឯកភាពគ្នាលើទស្សនៈរួមអំពីវិបត្តិចំណាកស្រុកបច្ចុប្បន្ន។ តាមនោះ បណ្តាប្រទេសបានឯកភាពថា ការគ្រប់គ្រងព្រំដែនផ្ទៃក្នុងបណ្ដាប្រទេសនៅតំបន់ Schengen មានលក្ខណៈបណ្តោះអាសន្ន និងករណីលើកលែងតែប៉ុណ្ណោះ ព្រមទាំងស្នើឲ្យដោះស្រាយបញ្ហានៅកម្រិតអឺរ៉ុបទាំងមូល ហើយទាក់ទងទៅនឹងប្រទេសទាំងអស់នៃសហភាពអឺរ៉ុប (EU)។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃបណ្តាប្រទេសអឺរ៉ុបកណ្តាលកាលពីថ្ងៃទី ២៤ ខែវិច្ឆិកានៅទីក្រុង Praha រដ្ឋមន្ត្រីមហាផ្ទៃនៃសាធារណរដ្ឋឆែកលោក Vit Rakusan ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សា EU បាននិយាយថា៖ លោករួមជាមួយសមភាគីស្លូវ៉ាគី អូទ្រីស និងហុងគ្រីបានឯកភាពគ្នាលើទស្សនៈថា ចាំបាច់ត្រូវស្វែងរកដំណោះស្រាយចាប់ពីខ្សែបន្ទាត់ព្រំដែននៅខាងក្រៅតំបន់ Schengen ជំនួសឱ្យការគ្រប់គ្រងព្រំដែននៅក្នុងប្លុក។ ទាក់ទងនឹងការដែលសាធារណរដ្ឋឆែកបានចាត់វិធានការគ្រប់គ្រងព្រំដែនជាមួយប្រទេសជិតខាងស្លូវ៉ាគីចាប់តាំងពីចុងខែកញ្ញាមក លោក Rakusan បាននិយាយថាស្លូវ៉ាគីក៏ដូចជាបណ្តាប្រទេសអឺរ៉ុបកណ្តាលដទៃទៀតដែរ សុទ្ធតែជា "ជនរងគ្រោះ" នៃខ្សែផ្លូវចំណាក់ស្រុកនៅតំបន់បាល់កង់ខាងលិច។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆែកបាននិយាយថា បណ្តាប្រទេសនៅតំបន់បាល់កង់ខាងលិច ក្នុងនោះស៊ែប៊ី បានត្រៀមខ្លួនជាស្រេចកែសម្រួលគោលនយោបាយទិដ្ឋាការ ក៏ដូចជាត្រៀមខ្លួនជាស្រេចដើម្បីការពារព្រំដែននៅខាងក្រៅតំបន់ Schengen។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអូទ្រីស និងស្លូវ៉ាគី មានគោលបំណងចង់ឱ្យគណៈកម្មការអឺរ៉ុប (EC) ផ្តល់ប្រាក់បន្ថែមទៀត ដើម្បីចាត់វិធានការពាក់ព័ន្ធនឹងបញ្ហាជនចំណាកស្រុក និងកំណត់លក្ខខណ្ឌជាក់លាក់ ដើម្បីចាត់បញ្ជូនជនភៀសខ្លួនវិលត្រឡប់ទៅកកាន់ប្រទេសទីបីវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ