បណ្តា​ប្រទេសអារ៉ាប់និងអ៊ីស្លាម​បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Nuseirat

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែល សំដៅទៅលើជំរុំជនភៀសខ្លួន Nuseirat សម្លាប់ជនប៉ាឡេស្ទីនជាង ២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។

 ទន្ទឹមនឹងការអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ដើម្បីបញ្ឈប់ការបង្ហូរឈាមនេះ ក្រសួងការបរទេស UAE បានសង្កត់ធ្ងន់ថា អាទិភាពកំពូលនាពេលបច្ចុប្បន្ននេះគឺដើម្បីការពារអាយុជីវិតរបស់ជនស៊ីវិល និងធានាឱ្យជំនួយមនុស្សធម៌និងថ្នាំពេទ្យទៅដល់ប្រជាជននៅតំបន់ហ្គាហ្សាភ្លាមមួយរំពិច។

ក្នុងពេលជាមួយគ្នានោះ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានពិពណ៌នាការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Nuseirat ជាផ្នែកមួយនៃឧក្រិដ្ឋកម្មជាប្រព័ន្ធប្រឆាំងនឹងជនប៉ាឡេស្ទីន ; ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការទប់ស្កាត់ជាបន្ទាន់។

មុននោះ ប្រទេសអារ៉ាប់ និងអ៊ីស្លាមជាច្រើននៅមជ្ឈិមបូព៌ា រួមទាំងអេហ្ស៊ីប ហ្ស៊កដានី អ៊ីរ៉ង់... ក៏បានចេញសេចក្តីប្រកាសថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Nuseirat ដែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់ ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ថយការប្រយុទ្ធគ្នា និងការពារជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ