ប៊ូតានផ្តល់អាទិភាពដល់ការជំរុញទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម

(VOVWORLD) - លោកអនុរដ្ឋមន្ត្រី Do Hung Viet បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ប៊ូតានកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខ។ 
ប៊ូតានផ្តល់អាទិភាពដល់ការជំរុញទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet។ (រូបថត៖ VNA)

នាថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានទទួលជួបឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ ប៉ូតាន ប្រចាំនៅថៃនិងទទួលបន្ទុកវៀតណាម លោក Kinzang Dorji ក្នុងឱកាសដែលលោកឯកអគ្គរាជទូតអញ្ជើញមកដល់វៀតណាមដើម្បីជូនសារតាំង។ លោកគឺជាឯកអគ្គរាជទូតដំបូងគេរបស់ប៊ូតាន ដែលមកដល់វៀតណាមដើម្បីជូនសារតាំង ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០១២។

លោកអនុរដ្ឋមន្ត្រី Do Hung Viet បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ប៊ូតានកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខ។ លោកអនុរដ្ឋមន្ត្រីក៏បានស្វាគមន៍ភាគីទាំងពីរក្នុងការបង្កើនការតភ្ជាប់ និងពង្រីកកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ផងដែរ។ លោក Do Hung Viet បានឲ្យដឹងថា វៀតណាមបានត្រៀមខ្លួនជាស្រេចនាំចេញផលិតផលដែលមានប្រៀបខ្លាំងទៅកាន់ប្រទេសប៊ូតាន ដូចជា៖ កសិផល អាហារ ជលផល ម៉ាស៊ីនកសិកម្ម អេឡិចត្រូនិក រថយន្តអគ្គិសនី។ ទន្ទឹមនឹងនោះ លោកបានចែករំលែកថា វៀតណាមមានសហគ្រាសធំៗដែលមានសមត្ថភាពជាច្រើន ដែលអាចបណ្តាក់ទុននៅប៊ូតានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងសេវាកម្ម។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Kinzang Dorji បានសង្កត់ធ្ងន់ថា ប៉ូតាន តែងតែចាត់ទុកវៀតណាមជាប្រទេសអាទិភាពមួយ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាមានបំណងចង់រៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម។ លោកឯកអគ្គរាជទូតមានបំណងចង់ជំរុញសក្តានុពល និងឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ អប់រំ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនា។ លោកឯកអគ្គរាជទូតក៏បានចែករំលែកដែរថា ក្រុមហ៊ុនអាកាសចរណ៍ Bhutan Air គ្រោងនឹងបើកជើងហោះហើរត្រង់រវាងទីក្រុងហូជីមិញ និងទីក្រុង Paro របស់ប៉ូតាន ដូច្នេះលោកបានស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសនាពេលឆាប់ៗ ដើម្បីសម្រួលដល់ការអនុវត្តជើងហោះហើរត្រង់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ