បិទបញ្ចប់សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២

(VOVWORLD) - នារសៀលថ្ងៃទី១២ ខែតុលា សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានបិទបញ្ចប់ ក្រោយរយៈពេល៦ថ្ងៃធ្វើការនៅរដ្ឋធានីហាណូយ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញថ្លែងសន្និដ្ឋាននៃសន្និបាត។
បិទបញ្ចប់សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ - ảnh 1 ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលរួមពិធីបិទបញ្ចប់សន្និបាតមជ្ឈឹមលើកទី១១ (រូបថត៖ TTXVN)

  ចំពោះសេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស លោកអគ្គលេខាបក្សបានអោយដឹងថា មជ្ឈឹមបានសំណូមពរអោយត្រូវជ្រួតជ្រាបអោយបានជ្រាលជ្រៅថែមទៀតអំពីលក្ខណៈ អត្ថន័យ និងសារសំខាន់នៃមហាសន្និបាតលើកទី១៣របស់បក្ស។ ប្រទេសជាតិកំពុងមានឱកាសនិងភាពងាយស្រួលជាច្រើនក៏ប៉ុន្តែត្រូវប្រឈមមុខនឹងការលំបាក ការសាកល្បងមិនតិចតួចផងដែរ។ ប្រការនេះទាមទារអោយវៀតណាមត្រូវបន្តបង្កើនថែមទៀតនូវការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយអោយស្អាតស្អម រឹងមាំ ជំរុញការផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ការពាររឹងមាំមាតុប្រទេស រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ខិតខំប្រឹងប្រែងនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍតាមទិសសង្គមនិយម។

វាយតម្លៃចំពោះលទ្ធផលអនុវត្តកម្មវិធីបំពេញបន្ថែម អភិវឌ្ឍឆ្នាំ២០១១ យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមពីឆ្នាំ២០១១ដល់ឆ្នាំ២០២០ ក៏ដូចជារយៈពេល៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស (២០១៦-២០២០) នោះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិដែលទទួលបានក្នុងពេលកន្លងទៅគឺមានមូលហេតុទាំងបរានុម័តផងនិងអត្តនោម័តផង ដែលក្នុងនោះមូលហេតុសំខាន់បំផុតគឺសាមគ្គីភាព ឯកភាព ការដឹកនាំ បញ្ជាណែនាំយ៉ាងឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាដ្ឋាន ក្នុងការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២។

បិទបញ្ចប់សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ - ảnh 2 អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាត (រូបថត៖ TTXVN)

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានបន្ថែមទៀតថា ត្រូវតែពង្រីកនូវសមិទ្ធិនិងមេរៀនបទពិសោធន៍ដែលទទួលបានក្នុងអាណត្តិនីតិកាលទី១២ ដើម្បីជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវការងារកសាង ពង្រឹងបក្ស ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ ដោយផ្សាភ្ជាប់នឹងការកសាងនីតិរដ្ឋសង្គមនិយម ព្រមទាំងលើកកំពស់សមត្ថភាពដឹកនាំរបស់បក្ស ក៏ដូចជាប្រសិទ្ធភាពគ្រប់គ្រងរបស់រដ្ឋផងដែរ។

ចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៩-២០២០ គណៈកម្មាធិការមជ្ឈឹមបានព្យាករណ៍ថា ដល់ចុងឆ្នាំ២០១៩ វៀតណាមអាចសម្រេចបានសន្ទស្សន៍ទាំង១២ដែលបានដាក់ចេញ ដែលក្នុងនោះសម្រេចហួសផែនការនូវសន្ទស្សន៍ចំនួន៥។

ចំពោះភារកិច្ចនាពេលខាងមុខ មជ្ឈឹមបានកំណត់ថា ក្នុងឆ្នាំ២០២០ ត្រូវការបន្តពង្រឹងនិងពង្រីកមូលដ្ឋានគ្រឹះនៃម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព ភាពម្ចាស់ការនិងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ពង្រឹងការពារជាតិ រក្សារឹងមាំនូវសន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ប្ដេជ្ញាចិត្តតស៊ូការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ