បន្តពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងសិង្ហបុរី
(VOVWORLD) - នាថ្ងៃទី១២ ខែមករា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក ង្វៀន ហ័រប៊ិញ (Nguyen Hoa Binh) បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន់ គីមយ៉ុង (Gan Kim Yong)។
ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក ង្វៀន ហ័រប៊ិញ បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន់ គីមយ៉ុង។ - រូបថត៖ VGP |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងសិង្ហបុរី អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធីសកម្មភាពស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ដំណាក់កាលឆ្នាំ២០២៥-២០៣០ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ ជាពិសេសក្នុងវិស័យថ្មីៗដែលមានសក្តានុពលដូចជា៖ កសិកម្ម ថាមពល ឥណទានកាបូន បច្ចេកវិទ្យាឌីជីថល; ទន្ទឹមនឹងនោះ បន្តរួមសហការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព និងអភិវឌ្ឍន៍ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។
ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍ លោក ង្វៀន ហ័រប៊ិញ បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី កាន់ គីមយ៉ុង អំពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាមនាពេលថ្មីៗនេះ។ សិង្ហបុរីមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យនេះ ដូច្នេះគណៈប្រតិភូវៀតណាមចង់សិក្សារៀនសូត្រនិងស្រាវជ្រាវបទពិសោធន៍របស់សិង្ហបុរី ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីយកមកអនុវត្តន៍នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោក កាន់ គីមយ៉ុង បានអះអាងថា សិង្ហបុរីត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាមួយវៀតណាម ហើយបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសិង្ហបុរី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក និងចូលរួមចំណែកដល់ការអភិវឌ្ឍរួមរបស់អាស៊ាន៕