បារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការជួយ​ឧបត្ថម្ភ​អ៊ុយក្រែននៅដើមសប្តាហ៍​ខាង​មុខ

(VOVWORLD) - តាមការគ្រោងទុក ប្រទេសបារាំងនៅថ្ងៃទី ២៦ ខែកុម្ភៈខាងមុខនេះ នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការជួយឧបត្ថម្ភអ៊ុយក្រែនក្នុងបរិបទដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងការលំបាកជាច្រើនក្នុងជម្លោះជាមួយរុស្ស៊ី។ សេចក្តីប្រកាសនេះ ត្រូវបាននាំចេញដោយការិយាល័យប្រធានាធិបតីបារាំងកាលពីថ្ងៃទី ២២ ខែកុម្ភៈ។

យោងតាមការិយាល័យប្រធានាធិបតីបារាំង សន្និសីទមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមកពីបណ្តាប្រទេសជាច្រើននៅអឺរ៉ុបនិងពិភពលោក នឹងសិក្សាពីមធ្យោបាយដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងដៃគូនានាក្នុងការជួយឧបត្ថម្ភអ៊ុយក្រែន។

បារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការជួយ​ឧបត្ថម្ភ​អ៊ុយក្រែននៅដើមសប្តាហ៍​ខាង​មុខ - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron និងសមភាគីលោក Volodymyr Zelensky ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។ រូបថត៖ France Bleu

ទាក់ទិននឹងការលំបាកដែលអ៊ុយក្រែនកំពុងប្រឈមមុខនៅលើសមរភូមិ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង និងទីក្រុងប៉ារីសកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបន្តប្រឈមមុខនឹងការវាយប្រហារពីកងទ័ពរុស្ស៊ី និងមិនអាចវាយតបវិញបាន ដោយសារតែខ្វះគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលកញ្ចប់ជំនួយ ៦០ពាន់លានដុល្លាររបស់អាមេរិកមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។ ក្នុងអំឡុងពេលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយប្រធានាធិបតីអ៊ុយក្រែន Zelensky នៅទីក្រុងប៉ារីស ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាថា នឹងបន្ថែមជំនួយយោធាដល់អ៊ុយក្រែនរហូតដល់ ៣ ពាន់លានអឺរ៉ូនៅឆ្នាំ ២០២៤ ហើយបានប្រកាសថា លោកនឹងធ្វើដំណើរទស្សនកិច្ចនៅអ៊ុយក្រែននៅពាក់កណ្តាលខែមីនា។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ២២ ខែកុម្ភៈ បានប្រកាស នឹងផ្តល់ប្រាក់ចំនួន ៨៨០ លានដុល្លារដល់អ៊ុយក្រែនក្នុងជុំទីបីនៃកញ្ចប់ជំនួយដែលមានតម្លៃសរុប ១៥,៦ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ