ប្រតិបត្តិគោលនយោបាយរូបិយវត្ថុឲ្យមានភាពបត់បែនដើម្បីបម្រើការអភិវឌ្ឍន៍
(VOVWORLD) - វិស័យធនាគារគឺជាក្រុមមួយក្នុងចំណោមក្រុមខ្លឹមសារទាំង៤ ដែលរដ្ឋសភា នីតិកាលទី១៥ បានចំណាយពេលវេលាដើម្បីសួរដេញដោលក្នុងសម័យប្រជុំលើក ទី៣។ នារសៀលថ្ងៃទី៨ ខែមិថុនា ទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong បានឆ្លើយសំណួរដេញដោលអំពីខ្លឹមសារនេះ។
លោកស្រី Nguyen Thi Hong ឆ្លើយសំណួរដេញដោល។ (រូបថត៖ quochoi.vn) |
គោលនយោបាយជួយទ្រទ្រង់អត្រាការប្រាក់សម្រាប់សហគ្រាសធុនតូច និង មធ្យម គឺជាខ្លឹមសារដំបូងដែលលោកស្រីទេសាភិបាល Nguyen Thi Hong បានលើក ឡើង។ បើតាមលោកស្រីទេសាភិបាល ការប្រតិបត្តិអត្រាការប្រាក់ និងកាត់បន្ថយ អត្រាការប្រាក់ ដើម្បីដោះស្រាយការលំបាកសម្រាប់អាជីវកម្ម និងប្រជាពលរដ្ឋ គឺជា ភារកិច្ចចម្បង។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ ការប្រតិបត្តិគោលនយោបាយ អត្រាការប្រាក់របស់ធនាគាររដ្ឋទទួលរងសម្ពាធដ៏ធំពីខាងក្រៅ នៅពេលដែល អតិផរណាកើនឡើង ហើយធនាគារកណ្តាលនៃប្រទេសនានាលើពិភពលោកបាន ដំឡើងអត្រាការប្រាក់។ លោកស្រីទេសាភិបាល បានបញ្ជាក់ថា ទោះបីជារងសម្ពាធដ៏ ធំក៏ដោយ ប៉ុន្តែធនាគាររដ្ឋបានគ្រប់គ្រង ហើយរក្សាស្ថិរភាពអត្រាការប្រាក់ជាស្ថាពរ។ អត្រាការប្រាក់ត្រឹមតែកើនឡើង ០,០៩% បើធៀបនឹងដើមឆ្នាំមុនប៉ុណ្ណោះ។ ទេសាភិបាលធនាគាររដ្ឋ លោកស្រី Nguyen Thi Hong បានលើកច្បាស់ថា៖
“ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ទីផ្សារប្ដូរប្រាក់បរទេសមានស្ថិរភាពជា ស្ថាពរ។ អត្រាការប្រាក់កើនឡើងត្រឹមតែ ០.០៩% តែប៉ុណ្ណោះ ប៉ុន្តែធនាគាររដ្ឋនៅតែ ខិតខំគ្រប់គ្រង ដើម្បីជៀសវាងការប្រែប្រួលអត្រាការប្រាក់ដ៏ធំ ដែលអាចបង្កការ លំបាកដល់អាជីវកម្ម និងប្រជាជន។ ទាក់ទងនឹងអត្រាប្តូរប្រាក់ រូបិយប័ណ្ណវៀតណាមក៏ស្ថិតនៅកម្រិតដ៏សមហេតុផលដែរ ដោយមិនមានការប្រែប្រួលខ្លាំងនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ ធនាគាររដ្ឋនឹងតាមដានយ៉ាង ដិតដល់នូវការវិវឌ្ឍន៍ ហើយមានការសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ហិរញ្ញវត្ថុក្នុងការប្រតិបត្តិសារពើពន្ធ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ថ្មីៗនេះ ទីភ្នាក់ងារវាយតម្លៃឥណទាន S&P Global Ratings បានដំឡើងចំណាត់ថ្នាក់ទំនុកចិត្ត ជាតិរយៈពេលវែងរបស់ វៀតណាមឡើងជា BB+ ជាមួយនឹងយថាទស្សន៍ "ស្ថិរភាព"។ ប្រការនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្នុងការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច”៕