ប្រធានរដ្ឋសភា លោក Vuong Dinh Hue ចូលរួមពិធីសម្ពោធកម្មវិធីបច្ចេកវិទ្យាព័ត៌មានចំនួន ៤ សម្រាប់វិស័យតុលាការ
(VOVWORLD) - នេះក៏ជាដំណោះស្រាយទាន់ពេលវេលា សមស្រប និងមានប្រសិទ្ធភាពក្នុងការសម្របខ្លួនយ៉ាងសកម្មនិងដោយសុវត្ថិភាពទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់តុលាការ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូអនុវត្តន៍ការបើកឲ្យដំណើរការកម្មវិធីបច្ចេកវិទ្យាព័ត៌មានចំនួន ៤ សម្រាប់វិស័យតុលាការ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៨ មករា នៅទីស្នាក់ការតុលាការប្រជាជនកំពូល (នៃទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដណើការប្រព័ន្ធមជ្ឈមណ្ឌលឯកសារ - បណ្ណាល័យ មជ្ឈមណ្ឌលឃ្លាំមើលនិងប្រតិបត្តិ ផ្នែកទន់ជំនួយការនិម្មិតសម្រាប់ចៅក្រម និងកម្មវិធីជំនុំជម្រះលើអ៊ីនធឺរណែតរបស់តុលាការប្រជាជន។
ថ្លែងមតិក្នុងពិធីសម្ពោធ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើការបើកសម្ពោធដាក់ឲ្យដំណើរការកម្មវិធីជំនុំជម្រះតាមអ៊ីនធឺរណែត រួមជាមួយនឹងការផ្សព្វផ្សាយសារាចរណែនាំរួមកំណត់លម្អិតនិងណែនាំអំពីការរៀបចំតុលាការជំនុំជម្រះអនឡាញ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងនិងទំនួលខុសត្រូវរបស់ប្រព័ន្ធតុលាការក្នុងការជួយដល់ប្រជាជននិងអាជីវកម្ម។ នេះក៏ជាដំណោះស្រាយទាន់ពេលវេលា សមស្រប និងមានប្រសិទ្ធភាពក្នុងការសម្របខ្លួនយ៉ាងសកម្មនិងដោយសុវត្ថិភាពទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់តុលាការ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “សេវាសាធារណៈតាមអ៊ីនធឺរណែតនិងតុលាការជាច្រើនត្រូវបានអនុវត្តន៍និងទទួលបានលទ្ធផលវិជ្ជមាន។ ការផ្សព្វផ្សាយកាន់តែទូលំទូលាយនិងតម្លាភាព ម៉្យាងគឺឲ្យប្រជាជនបានដឹង ម្យ៉ាងទៀតក៏ជាបរិយាកាសដ៏ល្អសម្រាប់ប្រជាជននិងម្ចាស់ឆ្នោតក្នុងការត្រួតពិនិត្យសកម្មភាពរបស់តុលាការ។ ប្រព័ន្ធ Video Conferencing ដែលតភ្ជាប់ជាមួយតុលាការទូទាំងប្រទេសបានបង្កើតបរិយាកាសការងារអន្តរកម្មយ៉ាងរហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពរវាងបណ្តាតុលាការ ដែលរួមចំណែកក្នុងការសន្សំថវិកាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល”។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌសម្រាប់ការរៀបចំនិងប្រតិបត្តិការរបស់តុលាការ និងបណ្តាតុលាការប្រជាជន រួមចំណែកកសាងប្រព័ន្ធតុលាការវៀតណាមប្រកបដោយវិជ្ជាជីវៈ ទំនើបកម្ម យុត្តិធម៌ ហ្មឹងមាត់ និងមានភាពសុចរិត៕