មេដឹកនាំ​រុស្ស៊ី និង​បារាំង​បានយល់​ព្រម​ ​រក្សា​ទំនាក់ទំនង

(VOVWORLD) - នៅថ្ងៃទី ៣ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបារាំងលោក Emmanuel Macron បានជួបសន្ទនាតាមទូរស័ព្ទជាលើកទីបី ក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះ។
មេដឹកនាំ​រុស្ស៊ី និង​បារាំង​បានយល់​ព្រម​ ​រក្សា​ទំនាក់ទំនង - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបារាំងលោក Emmanuel Macron បានជួបសន្ទនាតាមទូរស័ព្ទ។ (ប្រភព៖ ក្រសួងការបរទេសរុស្ស៊ី)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន និងបញ្ហាធានាសន្តិសុខ។ នៅក្នុងសេចក្តីប្រកាសមួយ វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំទាំងពីររូបបន្តមាន "កិច្ចសន្ទនាជាក់ស្តែង" ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន ក៏ដូចជាបញ្ហាមួយចំនួនទាក់ទងនឹងគំនិតផ្តួចផ្តើមរបស់រុស្ស៊ី ក្នុងការធានាសន្តិសុខយូរអង្វែងខាងគតិ្តយុត្តសម្រាប់រុស្ស៊ី។ លើសពីនេះទៅទៀត  មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិជាច្រើន ក្នុងបរិបទដែលបារាំងកំពុងធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ហើយបានយល់ព្រមរក្សាទំនាក់ទំនងផងដែរ។

មុននោះ កាលពីថ្ងៃទី ២៨ និង ៣១ ខែមករា មេដឹកនាំរុស្ស៊ីនិងបារាំងបានជួបសន្ទនាតាមទូរស័ព្ទ និងផ្លាស់ប្តូរយោបល់លើបញ្ហាទាក់ទងនឹងភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិច នាពេលថ្មីៗនេះ។

នាថ្ងៃដដែលនោះ វិមាន Élysée បានចេញសេចក្តីប្រកាសមួយ ដែលបានឲ្យដឹងថា ប្រធានាធិបតីបារាំងបានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky។ នៅក្នុងកិច្ចសន្ទនាទាំងពីរនេះ លោកប្រធានាធិបតី Macron បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចពិភាក្សា អំពីលក្ខខណ្ឌនានាដើម្បីសម្រេចឲ្យបានតុល្យភាពយុទ្ធសាស្រ្តនៅក្នុងទ្វីបអឺរ៉ុប តាមនោះ អនុញ្ញាតឱ្យ "បន្ធូរបន្ថយ" ភាពតានតឹង និងធានាសន្តិសុខនៅអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ