រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅវៀតណាម

(VOVWORLD) - នាថ្ងៃទី៥ ខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ កក្កដា នៅវៀតណាម។ 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅវៀតណាម - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ AFP)

យោងតាមក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Sergey Lavrov បានប្រព្រឹត្តិទៅក្នុងពេលវេលាដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

វៀតណាមនិងរុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៥០ ក្រោយមកបានសម្រេចលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនាឆ្នាំ ២០០១។ ១១ ឆ្នាំក្រោយមក ប្រទេសទាំងពីរបានក្លាយទៅជាដៃគួយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបទ្វេភាគីគ្រប់ជាន់ថ្នាក់។ ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០២០ សម្រេចបាន ៤,៨៥ ពាន់លានដុល្លារអាមេរិក កើន ៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ៧,១ ពាន់លានដុល្លារអាមេរិក កើនជាង ២៥% បើប្រៀបធៀបនឹងឆ្នាំ ២០២០។ នៅវៀតណាម រុស្ស៊ីមានគម្រោងចំនួន ១៥១ ដែលមានទុនវិនិយោគចុះបញ្ជីសរុបជាង ៩៥០ លានដុល្លារអាមេរិក។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីដល់ឆ្នាំ ២០៣០ សំដៅតម្រង់ទិសដៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ