រដ្ឋសភាផ្ទៀងស្ដាប់របាយការណ៍ត្រួតពិនិត្យលើច្បាប់អប់រំនិងគម្រោងច្បាប់សន្តិសុខអ៊ីនធឺណែត

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ឧសភា រដ្ឋសភាវៀតណាមបានផ្ទៀងស្ដាប់របាយការណ៍ត្រួតពិនិត្យលើគម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់អប់រំ ហើយពិភាក្សាអំពីគម្រោងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែត។

  បង្ហាញរបាយការណ៍ស្ដីពីច្បាប់អប់រំ រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Phung Xuan Nha បានអះអាងថា ក្រោយរយៈពេល១២ឆ្នាំអនុវត្ត ច្បាប់អប់រំបានរួមចំណែកដ៏សំខាន់ទៅក្នុងដំណើរការអភិវឌ្ឍវិស័យអប់រំនិងបណ្ដុះបណ្ដាលវៀតណាម ក្នុងសម័យសមាហរណកម្មអន្តរជាតិ។ វៀតណាមបានសម្រេចបទដ្ឋានកម្រិតថ្នាក់មធ្យមសិក្សាមូលដ្ឋាននាឆ្នាំ២០១០ សម្រេចបទដ្ឋានមត្តេយ្យសិក្សាសំរាប់អាយុ៥ឆ្នាំនាឆ្នាំ២០១៧។ ជួរគ្រូបង្រៀននិងកម្មាភិបាលអប់រំបានអភិវឌ្ឍន៍ទាំងបរិមាណផងនិងគុណភាពទៀតផង។ ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍អប់រំត្រូវបានកែលំអឲ្យកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋមន្រ្តីលោក Phung Xuan Nha ចាត់ទុកថា៖

        “ក្រោយរយៈពេល១២ឆ្នាំអនុវត្ត ច្បាប់អប់រំបានសរឲ្យឃើញនូវកំហិតមួយចំនួន ដែលរារាំងដំណើរការផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញនូវវិស័យអប់រំនិងបណ្ដុះបណ្ដាល។ ច្បាប់អប់រំត្រូវបានចេញផ្សាយកាលពីឆ្នាំ២០០៦ ដោយហេតុនេះចាំបាច់ត្រូវធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួនសំដៅបន្តផ្លាស់ប្ដូរថ្មីប្រព័ន្ធចាត់តាំង គ្រប់គ្រងវិស័យអប់រំ ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងសម័យកាលថ្មីផងដែរ”។

        នាព្រឹកថ្ងៃដដែល អង្គប្រជុំក៏បានពិភាក្សាអំពីគម្រោងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតដែរ។ ច្បាប់នេះចែងអំពីគោលការណ៍ វិធានការ ខ្លឹមសារ និងសកម្មភាពការពារសន្តិសុខអ៊ីនធឺណែត ការទទួលខុសត្រូវរបស់ស្ថាប័ន អង្គការ បុគ្គលដែលចូលរួមបណ្ដាញអ៊ីនធឺណែត ហើយពាក់ព័ន្ធដល់សកម្មភាពការពារសន្តិសុខអ៊ីនធឺណែតរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ