រយៈពេល ៥៧ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍ​របស់​អាស៊ាន

(VOVWORLD) - នាថ្ងៃទី ៨ ខែសីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរំលឹកលើកទី ៥៧ ឆ្នាំនៃការបង្កើតរបស់ខ្លួន (៨ សីហា ១៩៦៧-៨ សីហា ២០២៤)។ ក្រោយរយៈពេល៥៧ឆ្នាំកន្លងមក បច្ចុប្បន្ននេះ អាស៊ានបានក្លាយជាអង្គការក្នុងតំបន់ដែលសាមគ្គីគ្នា ឯកភាព រឹងមាំ និងស្វាហាប់ ដើរតួនាទីជាមជ្ឈភាពក្នុងយន្តការនិងដំណើរសហប្រតិបត្តិការ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងទៅ ជោគជ័យដ៏សំខាន់បំផុតរបស់អាស៊ានគឺការធានានូវការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ បណ្តាប្រទេសសមាជិកបានកសាងទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អប្រសើរ។ ភាពខុសគ្នារវាងសមាជិក ការខ្វែងគំនិតគ្នា ឬការវិវាទមួយចំនួនត្រូវបានពិភាក្សា និងដោះស្រាយដោយផ្អែកលើផលប្រយោជន៍រួម។

ពីចំនួនប្រជាជនប្រហែល ២៦០លាននាក់នៅពេលទើបបង្កើតឡើង អាស៊ានឥឡូវនេះមានប្រជាជនជាង ៦៥០ លាននាក់ ហើយជាទីផ្សារដែលមានសក្តានុពលខ្លាំង។ តាមការព្យាករណ៍ នៅឆ្នាំ២០៥០ អាស៊ាននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៤របស់ពិភពលោក។

រយៈពេល ៥៧ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍ​របស់​អាស៊ាន - ảnh 1នាព្រឹកថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីបង្ហូតទង់អាស៊ាន ក្នុងឱកាសរំលឹកខួប ៥៧ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៤)។ រូបថត៖ An Dang/TTXVN

មូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យក្នុងរយៈពេល ៦ ទស្សវត្សកន្លងមកនេះ គឺយន្តការសហប្រតិបត្តិការក្នុងប្លុករបស់អាស៊ាន និងជាមួយដៃគូនានាដូចជា៖ វេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ (ADMM) និងសន្និសីទរដ្ឋមន្ត្រីការពារជាតិបើកទូលាយ(ADMM+) បានរួមចំណែកកាន់តែសំខាន់ក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់។ ដូច្នេះហើយ អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់របស់ប្រទេសជាច្រើន រួមទាំងមហាអំណាចផងដែរ។ សហរដ្ឋអាមេរិកបានចាត់ទុកអាស៊ានជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបានយកចិត្តទុកដាក់ជាពិសេសចំពោះតួនាទីរបស់អាស៊ាន ដូចដែលបានបញ្ជាក់ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន លោក Youhanes Abraham៖ នាប៉ុន្មានឆ្នាំកន្លងទៅ យើងបានឃើញការសន្យាយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន រួមទាំងលោកប្រធានាធិបតី Joe Biden ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ឬដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតី លោកស្រី K.Harris ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ តាមពិតទៅ អាមេរិកបានចំណាយពេលវេលានិងកម្លាំងពលំជាច្រើន ស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយដៃគូអាស៊ាន។ ទំនាក់ទំនងអាមេរិក-អាស៊ានមិនត្រឹមតែជាអាទិភាពរបស់រដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់ពីគណៈបក្សទាំងពីរទៀតផង”។

នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែឧសភា ឆ្នាំ២០២៣ បណ្តាមេដឹកនាំបានអនុម័តលើផែនការបញ្ចូលទីម័រឡេស្តេជាសមាជិកពេញសិទ្ធិ។ ការបង្កើនចំនួនសមាជិកសរុបដល់ ១១ នឹងរួមចំណែកពង្រឹងមជ្ឈភាពរបស់សមាគមបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ