រុស្ស៊ី​គាំទ្រ​​ការ​ស្តារ​ឡើងវិញឲ្យបាន​​ឆាប់​រហ័ស​នូវ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

(VOVWORLD) - ទីក្រុងម៉ូស្គូបានគាំទ្រការស្តារឡើងវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានហៅជាផ្លូវការថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) ហើយរុស្ស៊ីកំពុងរង់ចាំឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។ 
រុស្ស៊ី​គាំទ្រ​​ការ​ស្តារ​ឡើងវិញឲ្យបាន​​ឆាប់​រហ័ស​នូវ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ក្នុងកិច្ចប្រជុំនៅទីក្រុងម៉ូស្គូ ថ្ងៃទី ១៥ ខែមីនា។ (រូបថត៖ IRNA/TTXVN)

នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចសន្ទនាកាលពីថ្ងៃទី១៥ ខែមីនា ជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ។

រដ្ឋមន្ត្រីការបរទេសលោក Lavrov បានប្រកាសថា ការដែលអាមេរិកបានចាត់ទុកថារុស្ស៊ីកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញ JCPOA គឺមិនពិតនោះឡើយ។ លោក Lavrov បានឲ្យដឹងថា ឥឡូវនេះរុស្ស៊ីបានទទួលការធានាជាលាយលក្ខណ៍អក្សរពីសហរដ្ឋអាមេរិកដែលថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ួស្គូទាក់ទងនឹងស្ថានភាពនៅអ៊ុយក្រែន នឹងមិនផល់ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង JCPOA ដែលអនុញ្ញាតឱ្យមានការដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរនៃប្រទេសមជ្ឈឹមបូព៌ាមួយនេះ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Amir-Abdollahian ក៏បានសង្កត់ធ្ងន់ថា មិនមានទំនាក់ទំនងណាមួយរវាងស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន និងកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយ៉ែន (អូទ្រីស) នោះទេ។ លោក Amir-Abdollahian ក៏បានឲ្យដឹងថា រុស្ស៊ីនឹង "ប្រកៀកស្មាគ្នា" ជាមួយអ៊ីរ៉ង់ រហូតដល់ពេលដែលការចរចានុយក្លេអ៊ែរត្រូវបានសម្រេចរួចរល់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ