រុស្ស៊ីបង្ហាញទស្សនៈរបស់ខ្លួនលើលក្ខខណ្ឌប្រក្រតីភាពទំនាក់ទំនងរុស្ស៊ី-អាមេរិក
(VOVWORLD) - នាថ្ងៃទី២ ខែមីនា អញ្ចើញឆ្លើយសម្ភាសន៍ក្នុងកម្មវិធី "ម៉ូស្គូ វិមានក្រឹមឡាំង ពូទីន" អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា ទោះបីជាទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងអាមេរិករងការអន្តរាយយ៉ាងធ្ងន់ធ្ងរក៏ដោយ ដំណើរការស្តារឡើងវិញអាចប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័ស ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump រក្សាឆន្ទៈនយោបាយរឹងមាំ។
ងតាមលោក Peskov រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី Donald Trump កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នូវរចនាសម្ព័ន្ធនៃគោលនយោបាយការបរទេស ហើយមានចំណុចជាច្រើននៅក្នុងទិសដៅនេះស្របគ្នានឹងទស្សនៈរបស់ទីក្រុងម៉ូស្គូ។ លោក Peskov ក៏បានសង្កត់ធ្ងន់ថា ការស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ី និងអាមេរិក គឺជាដំណើរការរយៈពេលវែង។ ភាគីអាមេរិកជឿជាក់ថា ត្រូវដោះស្រាយបញ្ហាអ៊ុយក្រែនជាមុនសិន បន្ទាប់មកពិចារណាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) ជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩។ រូបថត៖ AA/VNA |
សូមរំលើកឡើយវិញថា នាថ្ងៃទី១៨ ខែកុម្ភៈ នៅរដ្ឋធានី Ryiadh ប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី និងអាមេរិកបានបើកកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងក្រោយរយៈពេល ៣ឆ្នាំ ដោយបានព្រមព្រៀងគ្នាបង្កើតលក្ខខណ្ឌស្តារកិច្ចសហប្រតិបត្តិការឡើងវិញ។ ក្នុងជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នាថ្ងៃទី ២៧ ខែកុម្ភៈ គណៈប្រតិភូនៃប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីការស្តារឡើងវិញយ៉ាងពេញលេញនៃសកម្មភាពរបស់ស្ថានទូតនៃប្រទេសទាំងពីរ ហើយបានពិភាក្សាអំពីលទ្ធភាពនៃការស្តារឡើងវិញនូវជើងហោះហើរត្រង់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕