រុស្ស៊ី​បាន​ប្រកាស​ ចាប់ផ្តើម​ដំណាក់កាល​ថ្មី​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃទី ១៩ ខែមេសា បានប្រកាសថា ទីក្រុងម៉ូស្គូកំពុងចាប់ផ្តើមដំណាក់កាលថ្មីនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
រុស្ស៊ី​បាន​ប្រកាស​ ចាប់ផ្តើម​ដំណាក់កាល​ថ្មី​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន - ảnh 1ផ្សែងហុយចេញពីអាកាសយានដ្ឋានក្នុងទីក្រុង Dnipro ភាគខាងកើតប្រទេសអ៊ុយក្រែន ថ្ងៃទី១០ ខែមេសា។ (រូបថត៖ AFP/TTXVN)

លោក Lavrov បានឲ្យដឹងថា ទីក្រុងម៉ូស្គូត្រឹមតែប្រើប្រាស់អាវុធធម្មតាប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក្នុងដំណាក់កាលថ្មីនេះ។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីបានផ្លាស់ប្តូរការចាត់ចែងកងកម្លាំងរបស់ខ្លួននៅអ៊ុយក្រែន បន្ទាប់ពីការចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែលោកចាត់ទុកថា ភាគីអ៊ុយក្រែនមិនបានយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់នោះទេ។

យោងតាមទីភ្នាក់ងារព័ត៌មានលោកខាងលិច ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនកំពុងបង្វែរទិសពីតំបន់ទីប្រជុំជន ទៅតំបន់ Donbass ភាគអាគ្នេយ៍ ជាមួយនឹងវាលទំនាបដ៏ធំល្វឹងល្វើយ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃទី១៨ ខែមេសា ក៏បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅ Donbass ហើយបានប្រកាសថា ទីក្រុងគៀវនឹងស្វ័យការពារដោយខ្លួនឯង។

ក្នុងបរិបទនោះ នៅថ្ងៃទី ១៩ ខែមេសា មេដឹកនាំអាមេរិក អង់គ្លេស និងកាណាដាបានប្តេជ្ញា បញ្ជូនអាវុធកាំភ្លើងធំបន្ថែមទៀតទៅអ៊ុយក្រែន។ សេចក្តីប្រកាសនេះត្រូវបានប្រធានាធិបតីអាមេរិក លោក Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នាំចេញបន្ទាប់ពីបានចូលរួមសន្និសីទអនឡាញជាមួយមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន វិធានការជ្រៀតជ្រែកការទូត និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសំដៅបង្កើតការចំណាយផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់រុស្ស៊ី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ