លោក Macron ប្តេជ្ញាកាន់តំណែងជាប្រធានាធិបតីបារាំងរហូតដល់ចប់អាណត្តិនៅឆ្នាំ ២០២៧

(VOVWORLD) - នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ នាថ្ងៃទី ៥ ខែធ្នូ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាថា នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី "នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ" បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Michel Barnier បានលាលែងពីតំណែងដោយសារតែរដ្ឋាភិបាល បានដួលរលំនៅក្នុងការបោះឆ្នោតមិនទុកចិត្តនៅថ្ងៃទី ៤ ខែធ្នូ។ 

យោងតាមប្រធានាធិបតី Macron នាយករដ្ឋមន្ត្រីថ្មីនឹងទទួលខុសត្រូវក្នុងការបង្កើត "រដ្ឋាភិបាលដែលបម្រើផលប្រយោជន៍រួម" ជាមួយនឹងអាទិភាពលើការអនុម័តថវិកា។

លោកប្រធានាធិបតី Macron បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការអំពាវនាវពីក្រុមប្រឆាំងឱ្យលាលែងពីតំណែង ដោយបញ្ជាក់ថា លោកនឹងនៅតែកាន់តំណែងជាប្រមុខរដ្ឋបារាំងយ៉ាងពេញលេញរហូតដល់ចុងបញ្ចប់នៃអាណត្តិនៅឆ្នាំ ២០២៧។ លើសពីនេះ ប្រមុខវិមានអេលីសេក៏បានទទួលស្គាល់ការទទួលខុសត្រូវ ចំពោះការសម្រេចចិត្តរបស់លោកក្នុងការអំពាវនាវឲ្យមានការបោះឆ្នោតសភាមុនគេនារដូវក្តៅនេះ ជាមួយនឹងលទ្ធផលដែលថាគ្មានគណបក្សណាឈ្នះសំឡេងភាគច្រើននៅក្នុងសភាបារាំង។

លោក Macron ប្តេជ្ញាកាន់តំណែងជាប្រធានាធិបតីបារាំងរហូតដល់ចប់អាណត្តិនៅឆ្នាំ ២០២៧ - ảnh 1ប្រធានាធិបតីបារាំង Emmanuel Macron ។ រូបថត៖ AFP/TTXVN

មុននេះ ក៏នៅថ្ងៃទី ៥ ធ្នូ  ប្រធានាធិបតី Macron បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Barnier។ យោងតាមវិមានអេលីសេ ខណៈពេលដែលរង់ចាំការបង្កើតរដ្ឋាភិបាលថ្មី លោកប្រធានាធិបតី Macron បានស្នើឱ្យលោក Barnier ដឹកនាំរដ្ឋាភិបាលជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ