លោក ដូណាល់ ត្រាំ ជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់អំពីជម្លោះនៅអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី១០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តារមើរ (Keir Starmer) និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មើស (Friedrich Merz) ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក លោក លោក ដូណាល់ ត្រាំ ។ រូបថត៖ REUTERS/Jonathan Ernst |
យោងតាមសេតវិមាន កិច្ចសន្ទនាតាមទូរស័ព្ទទាំងនេះបានប្រព្រឹត្តទៅ ក្នុងបរិបទដែលលោកប្រធានាធិបតី ត្រាំ បន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ ហើយបានបង្ហាញពីការមន្ទិលសង្ស័យចំពោះលទ្ធភាពនៃ "ជ័យជម្នះរបស់ទីក្រុងគៀវ”។
សេតវិមានក៏បានឲ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានពិភាក្សាអំពីការវិវឌ្ឍថ្មីៗបំផុតនៅក្នុងកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ និងសម្រេចបាននូវសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែងសម្រាប់អ៊ុយក្រែន។ មេដឹកនាំនៃប្រទេសទាំងបួនបានឯកភាពគ្នាថា ការពិភាក្សាលើផែនការសន្តិភាពនឹងបន្តនាពេលខាងមុខ ហើយនេះជាពេលវេលាដ៏សំខាន់សម្រាប់អ៊ុយក្រែន ក៏ដូចជាសម្រាប់សន្តិសុខរួមនៃតំបន់អឺរ៉ុបផងដែរ៕