វៀតណាមគាំទ្រអេត្យូពីក្នុងការខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍

(VOVWORLD) -  នៅថ្ងៃទី ១៥ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចសន្ទនាអន្តរកម្មក្រៅផ្លូវការ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពមនុស្សធម៌នៅអេត្យូពី។

វៀតណាមគាំទ្រអេត្យូពីក្នុងការខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍ - ảnh 1ទិដ្ឋភាពនៃកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ VOV)

ចូលរួមក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានមានប្រសាសន៍ថាការទទួលបាននិងការធានាជំនួយមនុស្សធម៌មិនទាន់បានបំពេញនូវតម្រូវការបន្ទាន់នាពេលបច្ចុប្បន្នជាពិសេសនៅតំបន់ពាយ័ព្យនិងខាងត្បូង Tigray។ ជម្លោះនេះបានជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រភពផ្គត់ផ្គង់ស្បៀងអាហារ របស់ប្រជាជន អេត្យូពី ដែលនាំឱ្យមានហានិភ័យផ្ទុះគ្រោះអត់ឃ្លាន។ លោកឯកអគ្គរដ្ឋទូតបានអំពាវ នាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងកិច្ចពិភាក្សាដ៏ទូលំទូលាយមួយ ដោយស្មារតីសុច្ឆន្ទៈនិងមានលក្ខណៈស្ថាបនា ក៏ដូចជាបំពេញកាតព្វកិច្ចក្រោមច្បាប់មនុស្សធម៌ដើម្បីរាំងស្កាត់មិនឲ្យគ្រោះអត់ឃ្លានកើតឡើង។

យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy សហគមន៍អន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែបន្តគាំទ្រតួនាទីរបស់ប្រទេសជិតខាងនិងអង្គការក្នុងតំបន់ ជាពិសេសសហភាពអាហ្រ្វិកនិងស្ថាប័នអន្តររដ្ឋាភិបាលលើការអភិវឌ្ឍអាហ្វ្រិកក្នុងការស្វែងរកសន្តិភាព ចុងក្រោយសម្រាប់ការដោះស្រាយជម្លោះនៅ Tigray។ លោកឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវការគាំទ្ររបស់ វៀតណាមចំពោះប្រជាជនអេត្យូពីក្នុងការខិតខំឆ្ពោះទៅរកសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពយ៉ាងពេញលេញនូវឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសអេត្យូពី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ