វៀតណាមចូលរួមសន្ធិសញ្ញា Marrakesh ដើម្បីការពារផលប្រយោជន៍ជនពិការភ្នែក ជនខ្សោយគំហើញ និងជនពិការភាព

(VOVWORLD) - ការដែលវៀតណាមចូលជាសមាជិកនៃសន្ធិសញ្ញានេះ ក៏ដើម្បីអនុវត្តគោលនយោបាយរបស់រដ្ឋវៀតណាម ក្នុងការជួយឧបត្ថម្ភ និងបង្កើតឱកាសសម្រាប់ជនពិការភាពនៅវៀតណាម អនុវត្តសិទ្ធិស្មើគ្នា និងសម្របខ្លួនក្នុងសហគមន៍តាមមធ្យោបាយល្អបំផុត។

វៀតណាមចូលរួមសន្ធិសញ្ញា Marrakesh ដើម្បីការពារផលប្រយោជន៍ជនពិការភ្នែក ជនខ្សោយគំហើញ និងជនពិការភាព - ảnh 1បង្រៀនជនពិការភ្នែករៀនអក្សរស្ទាប (រូបភាព៖TTXVN)

កាលពីម្សិលមិញ (៧ ធ្នូ) នៅទីស្នាក់ការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ប្រចាំទីក្រុងហ្សឺណែវ (ស្វីស) ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅទីក្រុងហ្សឺណែវ បានប្រគល់ជូនអគ្គនាយក WIPO លោក Daren Tang នូវសំណុំឯកសារវៀតណាមចូលរួមសន្ធិសញ្ញា Marrakesh ស្តីពីការការពារផលប្រយោជន៍ជនពិការភ្នែក ជនពិការភាព និងជនខ្សោយគំហើញ សម្រាប់តម្គល់ទុក។

ថ្លែងមតិក្នុងពិធីប្រគល់សំណុំឯកសារ ចូលជាសមាជិករបស់វៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថា ការចូលរួមសន្ធិសញ្ញា Marrakesh របស់វៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងតុល្យភាពត្រឹមត្រូវរវាងការការពារសិទ្ធិអ្នកនិពន្ធ និងផលប្រយោជន៍ជនពិការភ្នែក ជនខ្សោយគំហើញ និងជនពិការភាព ដែលគ្មានលទ្ធភាពទទួលបានស្នាដៃបោះពុម្ភផ្សាយ អ្នកមានបញ្ហាក្នុងការអានផលិតផលបោះពុម្ភផ្សាយ។ ការដែលវៀតណាមចូលជាសមាជិកនៃសន្ធិសញ្ញានេះ ក៏ដើម្បីអនុវត្តគោលនយោបាយរបស់រដ្ឋវៀតណាម ក្នុងការជួយឧបត្ថម្ភ និងបង្កើតឱកាសសម្រាប់ជនពិការភាពនៅវៀតណាម អនុវត្តសិទ្ធិសមភាព និងសម្របខ្លួនក្នុងសហគមន៍តាមមធ្យោបាយល្អបំផុត។

បន្ទាប់ពីពិធីប្រគល់ឯកសារ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានជួបពិភាក្សាជាមួយអគ្គនាយក WIPO លោក Daren Tang, អគ្គនាយករង Sylvie Forbin និងលោក Hasan Kleib។ លោកស្រីឯកអគ្គរដ្ឋទូតបានស្នើឲ្យ WIPO បន្តអនុវត្តខ្លឹមសារសហប្រតិបត្តិការរវាងវៀតណាម និង WIPO ដែលភាគីទាំងពីរបានឯកភាពគ្នា រួមទាំងការអនុវត្តសន្ធិសញ្ញា Marakesh ដែលវៀតណាមទើបតែបានចូលរួមផងដែរ។

រីឯខ្លួនវិញ អគ្គនាយក WIPO លោក Daren Tang បានកត់សម្គាល់ពីលទ្ធផលល្អដែលវៀតណាមសម្រេចបានក្នុងការរក្សាបាននូវសន្ទស្សន៍នវានុវត្តន៍ជាសកលខ្ពស់; ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាង WIPO និងបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយរួម និងវៀតណាមនិយាយដោយឡែក។

សូមគូសបញ្ជាក់ថា សន្ធិសញ្ញា Marrakesh ដែលត្រូវបាន WIPO អនុម័តនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៣ ដែលបង្កលក្ខណៈសម្រាប់ការទទួលបានស្នាដៃបោះពុម្ពផ្សាយសម្រាប់ជនពិការភ្នែក ជនខ្សោយគំហើញ ជនពិការភាព ដែលគ្មានលទ្ធភាពអានអក្សរបោះពុម្ភ និងជនពិការភាពផ្សេងទៀត គ្មានលទ្ធភាពអានស្នាដៃបោះពុម្ភតាមទម្រង់ធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ