វៀតណាមនិងចក្រភពអង់គ្លេសយល់ព្រមទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់គ្នាទៅវិញទៅមកក្នុងពេលឆាប់ៗនេះ

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែតុលា នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងលោក Boris Johnson។

វៀតណាមនិងចក្រភពអង់គ្លេសយល់ព្រមទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់គ្នាទៅវិញទៅមកក្នុងពេលឆាប់ៗនេះ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង លោក Boris Johnson (ប្រភព៖ TTXVN)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តជាក់ស្តែង រាល់ទិសដៅកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការអប់រំបណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ-សន្តិសុខ ប្រជាជនជាដើម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីអង់គ្លេសបង្កើតលក្ខខណ្ឌបន្ថែមទៀតសម្រាប់ការនាំចេញរបស់វៀតណាមចូលទៅកាន់ទីផ្សារអង់គ្លេស និងលើកទឹកចិត្តសហគ្រាសអង់គ្លេសពង្រីកការវិនិយោគលើវិស័យសក្តានុពលនៃសេដ្ឋកិច្ចវៀតណាម ដូចជា ហិរញ្ញវត្ថុ ធនាគារ ប្រេងនិងឧស្ម័ន ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មកែច្នៃនិងផលិតកម្ម។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពទទួលស្គាល់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់គ្នាទៅវិញទៅមក (លិខិតឆ្លងដែនវ៉ាក់សាំង) ក្នុងពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការតភ្ជាប់ពាណិជ្ជកម្មនិងទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យចក្រភពអង់គ្លេសបន្តជួយឧបត្ថម្ភ វៀតណាមក្នុងការទទួលបានវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺកូវីដ ១៩ អភិវឌ្ឍន៍ឧស្សាហកម្ម ឱសថ ជាពិសេសការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ ១៩ ផងដែរ។

ខាងភាគីអង់គ្លេសវិញ  លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានប្រកាសថា ចក្រភពអង់គ្លេសនឹងផ្តល់ជំនួយបន្ថែមដល់ប្រទេសវៀតណាម តាមរយៈអង្គការUNICEF ជាមួយនឹងសម្ភារៈបរិក្ខារពេទ្យដែលមានតម្លៃប្រមាណ ៥០ ម៉ឺនផោន។ លោករូបនេះបានអះអាងថា អង់គ្លេសចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ក្នុងបរិបទដែលអង់គ្លេសកំពុងកែសម្រួលគោលនយោបាយឆ្ពោះទៅការបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ព្រមទាំងបានសង្កត់ធ្ងន់ថា ទោះបីជារងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែដោយសារមានកិច្ចព្រមព្រៀង UKVFTA ពាណិជ្ជកម្មទ្វេភាគីនៅតែសម្រេចបានកំណើនយ៉ាងល្អប្រសើរជាមួយនឹងទំហំពាណិជ្ជកម្មរយៈពេល ៧ ខែក្នុងឆ្នាំ ២០២១ ឈានដល់ ៣,៨៨ ពាន់លានដុល្លារអាមេរិក កើនឡើង ២៦,៩២%។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក និងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានានូវសេរីភាពនាវាចរណ៍ អាកាសចរណ៍ សន្តិសុខ និងសន្តិភាពនៅសមុទ្រខាងកើត លើកកម្ពស់ច្បាប់អន្តរជាតិ ដោយចាត់ទុកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ជាក្របខ័ណ្ឌច្បាប់ សម្រាប់សកម្មភាពទាំងអស់នៅសមុទ្រនិងមហាសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ