វៀតណាមនិងអ៊ីរ៉ង់ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដល់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ

(VOVWORLD) - ថ្ងៃនេះ (៧ ធ្នូ) គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅអ៊ីរ៉ង់។ មុននេះចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូបានជួបជាមួយអនុប្រធានាធិបតី Seyyed Mohammed Hosseini ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ Qaraie Ashtiani ហើយបានទៅទស្សនកិច្ចការងារនៅខេត្ត Isfahan។
វៀតណាមនិងអ៊ីរ៉ង់ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដល់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ - ảnh 1អនុប្រធានរដ្ឋសភា  លោក Tran Quang Phuong  ជួបជាមួយអនុប្រធានាធិបតីអ៊ីរ៉ង់ លោក Seyyed Mohammed Hosseini។ (រូបថត៖ quochoi.vn)

នៅក្នុងជំនួបនេះ អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Seyyed Mohammed Hosseini បានចាត់ទុកថា វៀតណាមនិងអ៊ីរ៉ង់មានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមិនទាន់សមស្របនឹងសក្តានុពលនោះទេ។ ដូច្នេះ អនុប្រធានាធិបតីបានស្នើឱ្យភាគីទាំងពីរខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ប្រមាណ ២ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ (ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងឡើងដល់ត្រឹមតែ ១២៤,៥ លានដុល្លារប៉ុណ្ណោះ); ជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា (MOU)  កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរក៏ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ជាដើម។

ថ្លែងមតិជាមួយគណៈប្រតិភូវៀតណាម រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ Qaraie Ashtiani បានស្នើថា ភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យវិស្វកម្ម វេជ្ជសាស្ត្រយោធា បច្ចេកវិទ្យាព័ត៌មានជាដើម។

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានគាំទ្រការនាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អ៊ីរ៉ង់ឡើងកំពស់ថ្មី; យល់ព្រមពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ។ ជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ជំរុញពាណិជ្ជកម្ម និងជំរុញការវិនិយោគ; ពង្រឹងទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងកីឡា និងជំរុញទេសចរណ៍នៃប្រទេសទាំងពីរ។

ក្នុងដំណើរធុរកិច្ចនេះផងដែរ គណៈប្រតិភូរដ្ឋសភាវៀតណាមបានទៅទស្សនារដ្ឋធានី Isfahan ក្នុងខេត្ត Isfahan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ