វៀតណាមសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធី យោងតាម UNCLOS

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ នៅថ្ងៃទី ៥ ខែធ្នូ បានបើកសម័យប្រជុំពេញអង្គ ស្តីពីមហាសមុទ្រ និងច្បាប់សមុទ្រ។ 
វៀតណាមសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធី យោងតាម UNCLOS - ảnh 1លោកឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអញ្ជើញថ្លែងនៅកិច្ចប្រជុំ (ប្រភព៖TTXVN)

ក្រុមប្រទេស និងតំណាងប្រទេសជិត ៤០ បានថ្លែងមតិ និងចែករំលែកបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជា៖ ការបំពុលបរិស្ថានសមុទ្រ ផលវិបាកអវិជ្ជមានដោយសារការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ ជលផលប្រកបដោយនិរន្តរភាព។ ក្នុងបរិបទនោះ ប្រទេសនានាប្រកាន់ខ្ជាប់នូវតម្លៃសកល ខ្ជាប់ខ្ជួននិងទូលំទូលាយនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមជានិច្ចកាលគោរព UNCLOS ក្នុងនាមជាក្របខ័ណ្ឌច្បាប់អន្តរជាតិដែលគ្រប់គ្រងរាល់សកម្មភាពលើទាំងសមុទ្រ និងមហាសមុទ្រ។ វៀតណាមអំពាវនាវឱ្យប្រទេសនានាបន្តអនុវត្តឱ្យបានពេញលេញនូវ UNCLOS រួមទាំងកាតព្វកិច្ចក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពសិទ្ធិរបស់ប្រទេសឆ្នេរសមុទ្រនៅពេលដំណើរសកម្មភាពសេដ្ឋកិច្ចស្របច្បាប់នៅក្នុងដែនសមុទ្ររបស់ខ្លួន ដែលត្រូវបានកំណត់ក្រោម UNCLOS។ ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត តំណាងវៀត ណាមបានសង្កត់ធ្ងន់ថា៖ គោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមគឺ រាល់វិវាទត្រូវតែដោះស្រាយដោយសន្តិវិធីដោយឈរលើមូលដ្ឋាន UNCLOS និងបង្ហាញបំណងចង់បញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិសម្រាប់ភាគីនានាសនៅសមុទ្រ (COC) ដោយមានខ្លឹមសារ និងមានប្រសិទ្ធភាព ស្របតាម UNCLOS។

លោកឯកអគ្គរដ្ឋទូតក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្ស និងប្រើប្រាស់សមុទ្រប្រកបដោយនិរន្តរភាព ជាពិសេសមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយដោយស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិផ្តល់ប្រឹក្សាស្តីពីការទទួលខុសត្រូវរបស់ប្រទេសចំពោះការប្រែប្រួលអាកាសធាតុ តាម រយៈការអនុម័តលើកិច្ចព្រមព្រៀងស្តីពីសមុទ្រ  និងការចរចាលើឯកសារច្បាប់ដែលមានចំណងដើម្បីបញ្ចប់ការបំពុលប្លាស្ទិកនៅឆ្នាំ ២០២៤។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យប្រទេសនានាធានានូវតុល្យភាពរវាងគោលដៅអភិរក្ស និងអភិវឌ្ឍន៍វិស័យជលផលជាមួយនឹងតម្រូវការសន្តិសុខសង្គម និងជីវភាពរស់នៅរបស់ប្រជាជនតាមឆ្នេរសមុទ្រ។          

នាថ្ងៃដដែល មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តលើ សេចក្តីសម្រេចចិត្តទូទៅស្តីពីសមុទ្រ និងច្បាប់សមុទ្រ ដោយសម្លេងគាំទ្រចំនួន ១៤០ និងសហឧបត្ថម្ភចំនួន ១១០ ក្នុងនោះមានវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ