វៀតណាម-ហ្វីលីពីន ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ១០ ពាន់លានដុល្លារក្នុងពេលឆាប់ៗ ខាងមុខ

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមករា នៅវិមានប្រធានរដ្ឋ នៃរដ្ឋធានីហាណូយ ប្រធានរដ្ឋ វៀតណាម លោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ថ្នាក់រដ្ឋ ប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. ដែលលោកកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
វៀតណាម-ហ្វីលីពីន ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ១០ ពាន់លានដុល្លារក្នុងពេលឆាប់ៗ ខាងមុខ - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការ ប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. (រូបថត៖ VOV)

នៅក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតបន្ថែមទៀត តាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ច ការជួបប្រាស្រ័យកម្រិតខ្ពស់ និងគ្រប់កម្រិត; រួមគ្នា ដើម្បីបង្កើតកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២៥ -២០៣០។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ១០ ពាន់លានដុល្លារនាពេលឆាប់ៗ តាមរយៈការកំណត់ការអនុវត្តរបាំងពាណិជ្ជកម្ម និងសម្រួលដល់ការនាំចូល និងនាំចេញទំនិញដែលភាគីទាំងពីរមានសក្តានុពល និងភាពខ្លាំងដូចជា អាហារសមុទ្រ ផលិតផលផ្លែឈើជាដើម។ ភាគីទាំងពីរបានឯកភាពសហការក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជំនះការបំពុល កាត់បន្ថយការបំភាយកាបូន និងការដោះស្រាយកាកសំណល់ប្លាស្ទិក...។

ប្រធានាធិបតីហ្វីលីពីនបានថ្លែងអំណរគុណវៀតណាម ចំពោះឆន្ទៈក្នុងការផ្តល់ប្រភពអង្ករប្រកបដោយស្ថិរភាព និងយូរអង្វែងដល់ហ្វីលីពីន ដោយបានវាយតម្លៃខ្ពស់ចំពោះការដែល ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករក្នុងឱកាសនេះ រួមចំណែកធានាសន្តិសុខស្បៀង និងពង្រឹងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

វៀតណាម-ហ្វីលីពីន ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ១០ ពាន់លានដុល្លារក្នុងពេលឆាប់ៗ ខាងមុខ - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VOV)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ; សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសមុទ្រ និងមហាសមុទ្រ; ឯកភាពសហការលើកកម្ពស់សមត្ថភាពទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លង ដែន និងឧក្រិដ្ឋជនដោយប្រើបច្ចេកវិទ្យាខ្ពស់; ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងលើកកម្ពស់តួនាទីរបស់អង្គការមិត្តភាព ដើម្បីរួមចំណែកពង្រឹងភាពស្អិតរមួត និងការយោគយល់គ្នាទៅវិញទៅមក រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

អំពីកិច្ចសហប្រតិបត្តិការពហុភាគី និងតំបន់ លោកប្រធានាធិបតី Marcos Jr. អះអាងការគាំទ្រចំពោះវៀតណាមធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ឆ្នាំ ២០២៧ប្រកបដោយជោគជ័យ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានប្តេជ្ញារក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍។ អំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង គោរពយ៉ាងពេញលេញនូវដំណើរការការទូត និងផ្លូវច្បាប់ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២   (UNCLOS) ផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម និងរៀបចំពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ពាណិជ្ជកម្មស្រូវ កិច្ចសហប្រតិបត្តិការលើសមុទ្រ និងវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ