វៀតណាមឡើងដល់ក្រុមឈានមុខគេនៃទីផ្សារអចលនទ្រព្យប្រណិតសកល
(VOVWORLD) - នាថ្ងៃទី១៧ ខែមីនា ទស្សនាវដ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង Le Revenu បានឲ្យដឹងថា វៀតណាមកំពុងលេចចេញជាទីផ្សារដ៏ស្វាហាប់បំផុតមួយរបស់ពិភពលោកក្នុងវិស័យអចលនទ្រព្យប្រណិត។
អត្ថបទលើ ទស្សនាវដ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង Le Revenu។ រូបថត៖ TTXVN |
ដោយដកស្រង់របាយការណ៍ “Branded Residences ២០២៥–២០២៦” ដោយសម្ព័ន្ធក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills ទស្សនាវដ្តីនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ វៀតណាមមានគម្រោងអចលនទ្រព្យដែលមានម៉ាកយីហោជាង ៥០ ដែលជាប់ទាក់ទងនឹងម៉ាកយីហោអន្តរជាតិចំនួន ៣៤ តាមនោះ បានឡើងដល់ចំណាត់ថ្នាក់លេខ ៤ នៅទូទាំងពិភពលោក ទាក់ទងនឹងបរិមាណគម្រោង នៅពីក្រោយតែសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងម៉ិកស៊ិកប៉ុណ្ណោះ។
ក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមគឺជាប្រទេសដែលលេចធ្លោជាងគេ។ ទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់សណ្ឋាគារ C9 Hotelworks បានបង្ហាញថា បច្ចុប្បន្ននេះ វៀតណាមមានចំនួន ៤១% នៃគម្រោងអចលនទ្រព្យប្រណិត ដែលកំពុងសាងសង់នៅអាស៊ី ជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់។
មុននោះ អចលនទ្រព្យប្រណិតត្រូវបានអភិវឌ្ឍជាចម្បងនៅក្នុងគោលដៅទេសចរណ៍ និងរមណីយដ្ឋាន ប៉ុន្តែនាបច្ចុប្បន្ន និន្នាការនេះបានពង្រីកយ៉ាងខ្លាំងដល់ទីក្រុងធំៗផងដែរ។ យោងតាម Savills សារជីវកម្មធំៗទាំងបីគឺ Marriott International, IHG Hotels & Resorts និង Accor បច្ចុប្បន្ននេះ ស្រូបយកប្រហែល ៤០% នៃចំណែកទីផ្សារអចលនទ្រព្យប្រណីតនៅវៀតណាម៕