សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងម៉ាឡេស៊ី

(VOVWORLD) -នាថ្ងៃទី ២១ ខែមីនា វៀតណាមនិងម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato' Sri Ismail Sabri Yaacob ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh។

សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងម៉ាឡេស៊ី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato' Sri Ismail Sabri Yaacob (រូបថត៖ VGP/Nhat Bac)

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ឆ្ពោះទៅរកការស្តារឡើងវិញប្រកបដោយចីរភាពក្នុងដំណាក់កាលក្រោយកូវីដ-១៩។

សេចក្តីថ្លែងការណ៍រួមបានចែងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Dato' Sri Ismail Sabri Yaacob បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងបានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong; ប្រធានរដ្ឋលោក Nguyen Xuan  Phuc និងប្រធានរដ្ឋសភា Vuong Dinh Hue។ នាយករដ្ឋមន្ត្រី លោក Dato' Sri Ismail Sabri Yaacob និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការ។

នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំនិងជាក់ស្តែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពពង្រឹងទំនុកចិត្តផ្នែកនយោបាយនិងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ាឡេស៊ីក្នុងឆ្នាំ ២០២៣។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ និងរក្សាទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ ពង្រឹងយន្តការសហប្រតិបត្តិការដែលមានស្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (JCM) និងគណៈកម្មាធិការចម្រុះស្តីពីពាណិជ្ជកម្ម (JTC)។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញពាណិជ្ជកម្មទ្វេភាគីយ៉ាងរឹងមាំក្នុងទិសដៅប្រកបដោយតុល្យភាពនិងនិរន្តរភាព ដោយខិតខំសម្រេចបាននូវគោលដៅនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ឆ្ពោះទៅរកការបង្កើតសមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាអំពីការវិវឌ្ឍន៍សំខាន់ៗក្នុងតំបន់ និងអន្តរជាតិនាពេលថ្មីៗនេះ។ ភាគីទាំងពីរបានសន្យាពង្រឹងការសម្របសម្រួលក្នុងការកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ថ្នាក់ដឹកនាំទាំងពីររូបបានរំលឹកឡើងវិញនូវគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់អាស៊ានចំពោះសមុទ្រខាងកើត ហើយអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។  ភាគីទាំងពីរបានអំពាវនាវឱ្យមានការអនុវត្តន៍ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបានកត់សម្គាល់ពីវឌ្ឍនភាពនៃការចរចាលើក្រមប្រតិបត្តិស្តីពីសមុទ្រខាងកើត (COC) ប្រកបដោយគុណភាព និងប្រសិទ្ធ ភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សានិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការចរចា COC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ