សេដ្ឋកិច្ចខែវិច្ឆិកាបង្កើតសន្ទុះសម្រាប់វិស័យជាច្រើនដើម្បីឈានទៅរកភាពទម្លុះទម្លាយ

(VOVWORLD) -  នៅព្រឹកថ្ងៃទី ៦ ធ្នូ អគ្គនាយកដ្ឋានស្ថិតិទូទៅបានប្រកាសពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខែវិច្ឆិកា និងរយៈពេល ១១ ខែនៃឆ្នាំ ២០២៤ ដែលមានចំណុចគួរឱ្យកត់សម្គាល់ជាច្រើន។ វិស័យមួយចំនួនបន្តរក្សាបាននូវកំណើនប្រកបដោយស្ថិរភាព ដោយបង្កើតភាពទម្លុះទម្លាយ នៅក្នុងខែធ្នូ ដែលជាខែចុងក្រោយនៃឆ្នាំ ២០២៤។

ជាពិសេស សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល ១១  ខែកន្លងមកនេះ បានកើនឡើង ៨,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបន្តរួមចំណែកជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសជាតិទាំងមូល។ ទន្ទឹមនឹងនោះ ការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលបានចុះបញ្ជីនៅវៀតណាមគិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា សម្រេចបាន ៣១,៣៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត Le Duy Binh បានវាយតម្លៃថា៖ “ចំណុចភ្លឺក្នុងវិស័យវិនិយោគបរទេសគឺគម្រោងក្នុងវិស័យ semiconductors និងបញ្ញាសិប្បនិម្មិតដែលអាចបង្កើតសន្ទុះថ្មីសម្រាប់កំណើនរបស់វៀតណាម។ ការវិនិយោគពីថវិការដ្ឋសម្រេចបាន ៧៣% មានភាពប្រសើរបើធៀបនឹងខែមុន។ យើងរំពឹងទៅលើល្បឿននៃការបើកចំណាយដើមទុនវិនិយោគ សាធារណៈនៅក្នុងខែចុងក្រោយនៃឆ្នាំនេះនឹងត្រូវបានជំរុញ ដើម្បីសម្រេចបាននូវគោលដៅខ្ពស់នៃការបើកចំណាយដើមទុនវិនិយោគសាធារណៈ”។

វិស័យសំខាន់ៗមួយចំនួនទៀត ដូចជាការនាំចេញ ទេសចរណ៍ ឬសេវាកម្មទាំងអស់បានរក្សាបាននូវអត្រាកំណើនដ៏ល្អនៅក្នុងខែវិច្ឆិកា និងរយៈពេល ១១ ខែនៃឆ្នាំនេះ។ ក្នុងនោះ ទំហំនៃការនាំចេញទំនិញក្នុងរយៈពេល ១១ ខែកន្លងទៅ សម្រេចបានជិត ៣៧០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនភ្ញៀវអន្តរជាតិមកកាន់វៀតណាមបានកើនឡើងដល់ជាង ១៥,៨ លាននាក់ កើនឡើង ៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ