សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

(VOVWORLD) - យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ - ảnh 1សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ (រូបថត៖ VOV)

តាមគម្រោងកម្មវិធី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងជួបសន្ទនាទ្វេភាគីជាមួយសមភាគីឡាវ លោក Sonexay Siphandone ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ បន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ក្នុងពេលដែលនៅប្រទេសឡាវ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបជាមួយប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា សមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ